អាជ្ញាធរបាននិយាយកាលពីថ្ងៃចន្ទថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅបន្ត បន្ទាប់ពីមនុស្ស២២ នាក់ បានរងរបួស និងរាប់សិបនាក់នៅតែជាប់ខ្លួននៅខាងក្នុង បន្ទាប់ពីអគារកម្ពស់ច្រើនជាន់ដែលកំពុងស្ថិតក្រោមការសាងសង់បានបាក់រលំនៅទីក្រុង ចច(George) របស់ប្រទេសអាហ្វ្រិកខាងត្បូង។

សេចក្តីថ្លែងការណ៍បាននិយាយថា អ្នកទាំងឡាយដែលត្រូវបានជួយសង្គ្រោះពីការដ្ឋាននោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ នៅទូទាំងខេត្ត Western Cape ទីក្រុង George ជាទីក្រុងឆ្នេរនៅភាគខាងកើតទីក្រុង Cape Town ។ នៅមិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីអ្នកស្លាប់នោះទេ។

សេចក្តីថ្លែងការណ៍បាននិយាយថា ការបាក់រលំអគារបានកើតឡើងនៅថ្ងៃទី៦ ខែឧសភា ដោយមានកម្មករសំណង់ប្រមាណ៧០នាក់ធ្វើការនៅការដ្ឋានេះ។
វីដេអូ CCTV ដែលទទួលបានដោយសារព័ត៌មាន Reuters បានបង្ហាញផ្សែងអ័ព្ទធូលីនៅពេលដែលអគារបានបាក់រលំ។ សមាជិកក្រុមប្រឹក្សាតំបន់ បាននិយាយប្រាប់អ្នកសារព័ត៌មាននៅកន្លែងកើតហេតុថា គាត់បានឃើញកម្មករកំពុងធ្វើការ ហើយបន្ទាប់មកបានលឺសំឡេងយ៉ាងខ្លាំង ភ្លាមៗក៏បានឃើញអគារទាំងមូលបានបាក់រលំ។
ទូរទស្សន៍ SABC របស់រដ្ឋ បានរាយការណ៍ថា មនុស្សជាង៤០នាក់ បានជាប់នៅក្រោមគំនរបាក់បែកនៃអគារ។