ពលរដ្ឋអ៊ីស្រាអែល រាប់រយនាក់បានចេញតវ៉ានៅតាមផ្លូវក្នុងទីក្រុង Tel Aviv កាលពីល្ងាចថ្ងៃចន្ទ ៦ ឧសភា ដោយចូលរួមជាមួយក្រុមគ្រួសារចំណាប់ខ្មាំង ដែលកំពុងត្រូវបានក្រុមហាម៉ាសឃុំខ្លួននៅឡើយ ក្នុងការអំពាវនាវឱ្យរដ្ឋាភិបាលទទួលយកកិច្ចព្រមព្រៀងជាមួយក្រុមអ៊ីស្លាមដើម្បីដោះលែងចំណាប់ថ្នូរទាំងនោះ។

ក្រុមបាតុករបានបិទផ្លូវសំខាន់ៗក្នុងទីក្រុង Tel Aviv ហើយបានប្រឈមការបង្ក្រាបពីកងកម្លាំងនគរបាល ដែលព្យាយាមរារាំងពួកគេកុំឲ្យរុលទៅមុខទៀតទៅលើផ្លូវហាយវ៉េ។
កាលពីព្រឹកថ្ងៃចន្ទ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស គ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីប បានយល់ព្រមទទួលយកសំណើបទឈប់បាញ់នៅតំបន់ហ្កាហ្សាពីក្រុមអ្នកសម្របសម្រួល ប៉ុន្តែអ៊ីស្រាអែលបាននិយាយថាលក្ខខណ្ឌទាំងនោះ មិនឆ្លើយតបនឹងការទាមទាររបស់ខ្លួន ហើយបានបន្តទៅវាយប្រហារនៅជាយក្រុងរ៉ាហ្វា ខណៈគ្រោងបន្តការចរចាលើកិច្ចព្រមព្រៀងមួយ។

សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានចាប់ផ្តើមនៅពេលក្រុមសកម្មប្រយុទ្ធនៅតំបន់ហ្កាហ្សាបានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា២០២៣ ដោយបានសម្លាប់មនុស្សប្រហែល ១.២០០ នាក់ និងបានចាប់មនុស្សចំនួន២៥២នាក់ផ្សេងទៀត ក្នុងនោះ១៣៣ នាក់ត្រូវគេជឿថានៅតែជាប់ជាឈ្លើយសឹកនៅក្នុងដៃក្រុមហាម៉ាសនៅហ្កាហ្សានៅឡើយ។
យោងតាមមន្ត្រីសុខាភិបាលហ្កាហ្សាបានឲ្យដឹងថា ពលរដ្ឋប៉ាឡេស្ទីនជាង ៣៤.៦០០ នាក់ត្រូវបានសម្លាប់ក្នុងជម្លោះនោះ។ អង្គការសហប្រជាជាតិបាននិយាយថា គ្រោះទុរ្ភិក្សនឹងកើតមាននៅក្នុងដែនដីនេះ៕
