លោកប្រធានាធិបតីបារាំង Emmanuel Macron និងប្រធានគណៈកម្មការសហភាពអឺរ៉ុប (EU) លោកស្រី អឺស៊ូឡា វ៉ុន ឌើ យ៉េយិន (Ursula von der Leyen) បានជំរុញប្រទេសចិនធានាឱ្យមានតុល្យភាពពាណិជ្ជកម្មបន្ថែមទៀតនៅពេលចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Xi Jinping ទៅកាន់ទីក្រុងប៉ារីស អំឡុងលោក Macron ត្រូវក៏បានដាក់សម្ពាធលើលោក Xi លើ វិបត្តិសង្គ្រាមអ៊ុយក្រែន ផងដែរ។

លោក Xi កំពុងមានវត្តមានក្នុងទ្វីបអឺរ៉ុប ជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំ ខណៈមានភាពតានតឹងផ្នែកធុរកិច្ចកាន់តែខ្លាំង ដែលរួមមានទាំងសហភាពអឺរ៉ុប កំពុងស៊ើបអង្កេតលើឧស្សាហកម្មចិនដូចជាការនាំចេញរថយន្តអគ្គិសនី (EV) ជាដើម ទន្ទឹមនឹងទីក្រុងប៉េកាំង ស៊ើបអង្កេតការនាំចូលផលិតផលមានម៉ាកយីហោផលិតពីបារាំងភាគច្រើន។

លោក Macron បាននិយាយថា អឺរ៉ុប និងចិនត្រូវការដោះស្រាយការលំបាករចនាសម្ព័ន្ធ ជាពិសេសលើពាណិជ្ជកម្ម។មេដឹកនាំបារាំងរូបនេះ លើកឡើងនៅពេលមេដឹកនាំទាំងបីអង្គុយនៅតុមូលក្នុងវិមាន អេលីហ្សេ(Elysee)ថាអនាគតនៃទ្វីបរបស់យើងក៏នឹងពឹងផ្អែកយ៉ាងច្បាស់ផងដែរទៅលើសមត្ថភាពរបស់យើងក្នុងការអភិវឌ្ឍបន្ថែមទៀតនៅក្នុងរបៀបតុល្យភាពទំនាក់ទំនងរបស់យើងជាមួយប្រទេសចិន។ លោកស្រី ឡេ យិន និយាយថា ទំនាក់ទំនង សហភាពអឺរ៉ុប និងប្រទេសចិន ត្រូវបានប៉ះពាល់ដោយការទទួលបានទីផ្សារមិនស្មើភាពគ្នា និងការឧបត្ថម្ភធនបម្រុងរដ្ឋរបស់ចិន។

បន្ទាប់ពីជំនួបនោះ លោកស្រីបានប្រាប់អ្នកសារព័ត៌មានថា សហភាពអឺរ៉ុប មិនអាចស្រូបយកការផលិតទំនិញឧស្សាហកម្មរបស់ចិនច្រើនហួសប្រមាណ ដែលជាន់ពន្លិចទីផ្សាររបស់ខ្លួនបានទេ ដោយបន្ថែមថា អឺរ៉ុបនឹងមិនងាកចេញពីការសម្រេចចិត្តដ៏តឹងតែងដែលចាំបាច់ដើម្បីការពារទីផ្សាររបស់ខ្លួនឡើយ។ចំណែកលោកប្រធានាធិបតីចិន វិញបានលើកឡើងថា ទំនាក់ទំនងរបស់ចិន ជាមួយអឺរ៉ុប គឺចំណុចអាទិភាពសម្រាប់គោលនយោបាយបរទេសរបស់ខ្លួន៕