សាកលវិទ្យាល័យ Columbia កាលពីថ្ងៃចន្ទ បានលុបចោលពិធីប្រគល់សញ្ញាបប័ត្រដ៏សំខាន់ បន្ទាប់ពីមានការតវ៉ាគាំទ្រប៉ាឡេស្ទីនជាច្រើនសប្តាហ៍ ប៉ុន្តែក៍នឹងនៅតែមានការរៀបចំពិធីតូចៗជាព្រឹត្តិការនៅតាមសាលា។ នៅក្នុងសេចក្តីថ្លែងការណ៍ សាកលវិទ្យាល័យ Columbia បាននិយាយថា សាកលវិទ្យាល័យ បានស្វែងរកទីកន្លែងជួបជុំមួយ ប៉ុន្តែពុំអាចស្វែងរកទីកន្លែងបានដែលអាចទទួលនិស្សិត គ្រួសារ និងភ្ញៀវ ចូលរួមបាននោះទេ ដែលជាធម្មតាមានចំនួនលើសពី ៥០.០០០ នាក់។

ការតវ៉ានៅសាកលវិទ្យាល័យ Columbia ជំរុញឱ្យមានបាតុកម្មស្រដៀងគ្នានៅសាកលវិទ្យាល័យរាប់សិបកន្លែងធ្វើឡើងដោយនិស្សិតសហរដ្ឋអាមេរិក ដែលពួកគេអំពាវនាវឱ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា និងបានទាមទារឱ្យសាកលវិទ្យាល័យរបស់ពួកគេ ដកខ្លួនចេញពីក្រុមហ៊ុនមានទំនាក់ទំនងជាមួយអ៊ីស្រាអែល។

ខណៈការតវ៉ា បានប្រមូលផ្តុំគ្នាយ៉ាងក្តៅគគុកនៅសាកលវិទ្យាល័យនានា របស់សហរដ្ឋអាមេរិក រួមទាំងសាកលវិទ្យាល័យ Columbia នគរបាលបង្ក្រាបកុបកម្មដែលមានកាន់ដំបង និងគ្រាប់បែកបបំភ័នត្រូវបានដាក់ពង្រាយដើម្បីបំបែក និងចាប់ខ្លួនបាតុកររាប់រយនាក់ ដោយលើកឡើងពីតម្រូវការសំខាន់ៗសម្រាប់សុវត្ថិភាពក្នុងបរិវេណសាកលវិទ្យាល័យ។ ក្រុមសិទ្ធិមនុស្ស បានរិះគន់យុទ្ធសាស្ត្របែបនេះថាជា ការរំលោភបំពានដោយហិង្សាលើសេរីភាពនៃការបញ្ចេញមតិ។ ភាពចលាចលនៅក្នុងបរិវេណសាកលវិទ្យាល័យ បានជំរុញឱ្យមហាវិទ្យាល័យនានានៅទូទាំងសហរដ្ឋអាមេរិកផ្លាស់ប្តូរទីតាំងរៀបចំពិធី កែប្រែ ឬលុបចោលពិធីប្រគល់សញ្ញាប័ត្រ។
សាកលវិទ្យាល័យ Columbia បាននិយាយកាលពីថ្ងៃចន្ទថា ខាងសកលវិទ្យាល័យបានពិភាក្សាជាមួយអ្នកដឹកនាំនិស្សិត ក្នុងការសម្រេចពីរបៀបដោះស្រាយការប្រគល់សញ្ញាប័ត្រ។ ការលុបចោលនេះគឺជាការរងគ្រោះចុងក្រោយបំផុតនៅក្នុងវិបត្តិនៅទូទាំងប្រទេស ដែលបានធ្វើឱ្យប៉ះពាល់ដល់បរិវេណសាកលវិទ្យាល័យ។ និស្សិតមានការខឹងសម្បារចំពោះអ្វីដែលពួកគេមើលឃើញថាជាការឈ្លានពានរបស់អ៊ីស្រាអែលយ៉ាងឃោរឃៅលើតំបន់ហ្កាហ្សា ដែលនិស្សិតបានមកបង្កើតជំរំនៅតាមបរិវេណសាកលវិទ្យាល័យ។