រុស្ស៊ីបានព្រមានអង់គ្លេសកាលពីថ្ងៃចន្ទថា ប្រសិនបើអាវុធអង់គ្លេស ត្រូវបានប្រើដោយអ៊ុយក្រែន ដើម្បីវាយប្រហារលើទឹកដីរុស្ស៊ីនោះ ទីក្រុងមូស្គូ អាចវាយបកវិញចំពោះការដំឡើងទីតាំង និងគ្រឿងយុទ្ធោបករណ៍ របស់អង់គ្លេសទាំងនៅក្នុងអ៊ុយក្រែន និងកន្លែងផ្សេងទៀត។

ប្រទេសរុស្ស៊ី បាននិយាយថា ឯកអគ្គរដ្ឋទូតអង់គ្លេសលោក នីហ្គែល កាស៊ី (Nigel Casey) ត្រូវបានកោះហៅទៅកាន់ក្រសួងការបរទេសសម្រាប់ការតវ៉ាជាផ្លូវការមួយ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសលោក ដេវីត កាមេរុន (David Cameron) បាននិយាយកាលពីសប្តាហ៍មុនថា អ៊ុយក្រែនមានសិទ្ធិប្រើប្រាស់អាវុធរបស់អង់គ្លេស ដើម្បីវាយប្រហាររុស្ស៊ី។

ចក្រភពអង់គ្លេស បានបដិសេធថា លោក កាស៊ី មិនត្រូវបានកោះហៅទេ ដោយនិយាយថា លោកបានជួបមន្ត្រីរុស្ស៊ី«សម្រាប់កិច្ចប្រជុំការទូត» ដែលក្នុងនោះ លោក «បានរំលឹកឡើងវិញនូវការគាំទ្ររបស់ចក្រភពអង់គ្លេសសម្រាប់អ៊ុយក្រែនចំពោះមុខការឈ្លានពានរបស់រុស្ស៊ីដែលមិនបង្កហេតុ»។

ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា សុន្ទរកថារបស់លោក កាមេរុន បានទទួលស្គាល់ថា ចក្រភពអង់គ្លេសបច្ចុប្បន្ន ជាផ្នែកមួយនៃជម្លោះ ហើយបានផ្ទុយនឹងការធានាពីមុនដែលថា អាវុធរយៈចម្ងាយឆ្ងាយដែលផ្តល់ឲ្យអ៊ុយក្រែន នឹងមិនត្រូវបានប្រើប្រឆាំងនឹងរុស្ស៊ីឡើយ។
ក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់ថា លោក កាស៊ី ត្រូវបានព្រមានថា ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែនលើទឹកដីរុស្ស៊ីដោយអាវុធរបស់អង់គ្លេស សម្ភារៈ និងបរិក្ខារយោធាអង់គ្លេសណាមួយនៅលើទឹកដីអ៊ុយក្រែន និងនៅបរទេស» អាចត្រូវបានកំណត់គោលដៅ។