បាល់ទាត់៖ ក្រុមគិរីវង់សុខសែនជ័យបានបន្ថែម ៣ពិន្ទុពេញ ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះអគ្គិសនីកម្ពុជាដោយលទ្ធផល ២-០ ដើម្បីកាត់បន្ថយគម្លាតពិន្ទុពីក្រុម Top-7 នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២១។

ជំនួបសប្ដាហ៍ទី១១ នៅកីឡដ្ឋានអគ្គិសនីគម្ពុជានេះ វគ្គទី១ មិនមានគ្រាប់បាល់កើតឡើយនោះទេ ខណៈចូលវគ្គទី២ ក្រុមភ្ញៀវគិរីវង់រកបាន ២គ្រាប់ដោយកីឡាករ Osmar Francisco Moriera Jesuino នៅនាទី៥២ និងកីឡាករ ឯម ផាន់ណា នៅនាទី៨១ ដើម្បីធានាជ័យជម្នះលើក្រុមអគ្គិសនីកម្ពុជាតែម្ដង។ ជ័យជម្នះនេះបានធ្វើឲ្យក្រុមមានមូលដ្ឋាននៅខេត្តតាកែវនេះ បន្ដឈរលេខ៨ និងមាន ១២ពិន្ទុបន្ទាប់ពីប្រកួត ៩លើកឈ្នះ៤ និងចាញ់៥ តែបានកាត់បន្ថយគម្លាតពិន្ទុពីក្រុមលំដាប់កំពូលតារាងទាំង ៧ ពោលគឺចាញ់ប្រៀបក្រុមឈរលើខ្លួនពី ៣ ដល់ ៧ពិន្ទុ តែក្រុមមាន់គក់នេះនៅសល់ប្រកួតចំណេញក្នុងដៃ ១ប្រកួត ដ្បិតក្រុមភាគច្រើនប្រកួតបាន ១០លើក។ រីឯក្រុមអគ្គិសនីកម្ពុជាបានបន្ដឈរលេខ១០ និងរក្សា ៧ពិន្ទុក្នុងដៃ។

ចំណែកក្រុមបាល់ទាត់វិសាខា បានរំកិលឡើងឈរកំពូលតារាងបណ្ដោះអាសន្ន នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគសប្ដាហ៍ទី១១ បន្ទាប់ពីយកឈ្នះទាំងលំបាកលើក្រុមសិស្សប្អូនខេត្តព្រៃវែងដោយលទ្ធផល ៣-២ កាលពីថ្ងៃទី០១ ខែសីហាម្សិលមិញនៅកីឡដ្ឋានព្រីនស៍។ ជាមួយការដណ្ដើមបាន ៣ពិន្ទុនេះបានធ្វើឲ្យវិសាខាឡើងឈរកំពូលតារាង និងមាន ២២ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ១០ប្រកួតឈ្នះ៦ និងស្មើ៤ នាំមុខក្រុមការពារតំណែងជើងឯកបឹងកេត ១ពិន្ទុ៕
អត្ថបទ៖ លី ឈុនឡា