ក្រុមហេសបូឡា បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានធ្វើការវាយប្រហារដោយយានដ្រូនលើទីតាំងយោធាអ៊ីស្រាអែលមួយ នៅជិតទីក្រុង Metula អ៊ីស្រាអែលភាគខាងជើង ដែលបានបណ្តាលឲ្យមនុស្សជាច្រើននាក់ ស្លាប់និងរងរបួស។

យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនមិនទាន់អាចបញ្ជាក់ពីអ្នករងរបួស ឬស្លាប់បាត់បង់ជីវិត នៅឡើយទេ ប៉ុន្តែ បានអះអាងថា យានដ្រូន បានឆ្លងកាត់ពីប្រទេសលីបង់ចូលទៅក្នុងតំបន់ Metula ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ថា មនុស្សពីរនាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងការវាយប្រហារនោះ។
ក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ ក៏បាននិយាយផងដែរថា ខ្លួនបានបញ្ជូនរ៉ុក្កែតរាប់សិបគ្រាប់ទៅកាន់គោលដៅយោធាឆ្លងកាត់ព្រំដែនជាមួយអ៊ីស្រាអែល។

អ៊ីស្រាអែល និងក្រុមហេសបូឡា ដែលបានប្រមូលអាវុធដ៏សន្ធឹកសន្ធាប់ តាំងពីឆ្នាំ ២០០៦ បានចូលរួមក្នុងការវាយប្រហារឆ្លងព្រំដែនប្រចាំថ្ងៃក្នុងរយៈពេល ៦ខែកន្លងមកនេះ ស្របជាមួយនឹងសង្គ្រាមរបស់ អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។
រហូតមកដល់ពេលនេះ ក្រុមហេសបូឡា បានដាក់កម្រិតលើការវាយប្រហាររបស់ខ្លួនទៅកាន់តំបន់ភាគខាងជើងអ៊ីស្រាអែល ដោយស្វែងរកការអូសទាញកងកម្លាំងអ៊ីស្រាអែល ចេញពីតំបន់ហ្កាហ្សា។