ក្រុមយុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានីភ័យ អះអាងថា ពួកគេស្ទើរតែទាំងអស់គ្នា បាននិងកំពុងចុះធ្វើការងារហាត់ការ និងការទទួលបានឱកាសធ្វើការការងារពេញសិទ្ធ នៅតាមសហគ្រាស យានដ្ឋាន ក្រុមហ៊ុននានាដោយទទួលបានប្រាក់ខែ ក្រោយពីពួកគេបានរៀនជំនាញវគ្គខ្លីរយៈពេល៤ខែនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បច្ចេកទេស ១លាន៥សែននាក់ របស់រាជរដ្ឋាភិបាល។
បើតាមយុវជនដែលកំពុងហាត់ការនៅក្រុមហ៊ុន Comin Khmer ក្រុមហ៊ុន ET &S Engineering និងយានដ្ឋានជួសជុលរថយន្តនានាទៀត ថ្លែងប្រាប់ BTV នៅថ្ងៃទី៧ ខែឧសភានេះថា ពួកគេពិតជាសប្បាយចិត្ត និងអរគុណដល់រាជរដ្ឋាភិបាលដែលបានផ្ដល់ឱកាសដល់ពួកគេបានរៀនជំនាញវិជ្ជាជីវៈរយៈពេលខ្លីហើយទទួលបានការងារធ្វើបែបនេះ។
ក្រុមយុវជនលើកឡើងថា ក្រោយបានបញ្ចប់ការរៀនជំនាញវិជ្ជាជីវៈវគ្គខ្លីរយៈពេល៤ខែនៅតាមសាលារៀន បណ្តាក្រុមហ៊ុន សហគ្រាស បានមកជ្រើសរើសពួកគេបញ្ជូនទៅធ្វើការងារហាត់ការផង និងធ្វើជាកម្មករជំនាញ នៅក្នុងការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ TIA និងតាមក្រុមហ៊ុនសំណង់ គ្រឿងយន្ត និងក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍នានាផងដែរ។
តំណាងក្រុមហ៊ុន ET &S Engineering បានថ្លែងថា នៅក្នុងដំណើរការទទួលក្រុមយុវជនចុះហាត់ការរៀនធ្វើការងារនៅក្នុងការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោនោះ គឺក្រុមហ៊ុនមានផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែមានអាហារប្រចាំថ្ងៃត្រឹមត្រូវ ហើយបើក្នុងអំឡុង៤ពេលហាត់ការរៀនធ្វើការងារ៣ខែ ប្រសិនបើក្រុមយុវជនទាំងអស់នោះធ្វើការងារល្អ អនុវត្តច្បាប់គោលការណ៍ក្រុមហ៊ុន គោរពម៉ោងការងារ គឺក្រុមហ៊ុននឹងជ្រើសរើសធ្វើជាបុគ្គលិកពេញសិទ្ធ បន្តធ្វើការងារនៅក្នុងគម្រោងម៉ៅការសំណង់ផ្សេងៗទៀត។
លោក ច្រឹង ណារី នាយកវិទ្យាស្ថានពហុបច្ចេកទេសតេជោ សែន ក្រុងតាខ្មៅ ថ្លែងថា បច្ចុប្បន្ន គ្រប់យុវជនដែលបានរៀនជំនាញវិជ្ជាជីវៈខ្លី៤ខែនោះ គឺសុទ្ធតែទទួលបានការងារចុះហាត់ការការងារដោយផ្ទាល់នៅតាមក្រុមហ៊ុន គ្រឹះស្ថាន សហគ្រាស និងយានដ្ឋានជួសជុលរថយន្តមិនតិចជាង១៥ក្រុមហ៊ុនសហគ្រាសឡើយ។ តាមរយៈការចុះហាត់ការនេះបានធ្វើឲ្យក្រុមយុវជនជាច្រើនទទួលបានឱកាសការងារធ្វើ និងខ្លះទៅបើកមុខរបរដោយខ្លួនឯងដើម្បីបង្កើនប្រាក់ចំណូលរបស់គេផងដែ៕ អត្ថបទ ស៊ុម សុខជា






