អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល ( Olaf Scholz) បាននិយាយកាលពីថ្ងៃចន្ទថា ប្រហែល ៩០ភាគរយនៃប្រាក់ចំណូលដែលទទួលបានពីទ្រព្យសម្បត្តិដែលបង្កករបស់រុស្ស៊ី គួរតែត្រូវបានចំណាយលើការទិញសព្វាវុធសម្រាប់អ៊ុយក្រែន ដោយគាំទ្រដល់សំណើមុនរបស់សហភាពអឺរ៉ុប ក្នុងការប្រើប្រាស់ការទូទាត់ការប្រាក់របស់ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដើម្បីជំរុញការការពារអ៊ុយក្រែន។

លោក សូល បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំជាមួយសមាជិកនៃរដ្ឋាភិបាលប្រទេសបាល់ទិកទាំងបីនៅទីក្រុងរីហ្គា ( Riga) ថា៖«វាមានសារៈសំខាន់ដែលយើងក៏យល់ព្រមថា លុយនេះ អាចត្រូវបានប្រើសម្រាប់ការទិញអាវុធមិនត្រឹមតែនៅក្នុងសហភាពអឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងសម្រាប់ការទិញ នៅទូទាំងពិភពលោក»។

កាលពីខែមីនា ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក ចូសិប បូរ៉ែល (Josep Borrell) បានស្នើឲ្យយក ៩០ភាគរយនៃប្រាក់ចំណូលពីទ្រព្យសម្បត្តិដែលត្រូវបានបង្កករបស់រុស្ស៊ី នៅអឺរ៉ុប ហើយផ្ទេរពួកវាទៅមូលនិធិគ្រប់គ្រងដោយសហភាពអឺរ៉ុបដែលផ្តល់ហិរញ្ញប្បទានអាវុធសម្រាប់អ៊ុយក្រែន។
ប្រហែល ៧០ភាគរយនៃទ្រព្យសម្បត្តិរុស្ស៊ីទាំងអស់ដែលជាប់គាំងនៅប្រទេសលោកខាងលិច ត្រូវបានរក្សាទុកនៅក្នុងឃ្លាំងមូលបត្រកណ្តាល Euroclear ក្នុងប្រទេសបែលហ្ស៊ិក ដែលមានតម្លៃស្មើនឹង ១៩០ ពាន់លានអឺរ៉ូ (២០៤,៦៧ ពាន់លានដុល្លារ)នៃមូលបត្រនិងសាច់ប្រាក់នៅធនាគារកណ្តាលរុស្ស៊ី។
លោក សូល បាននិយាយថា ប្រទេសអាល្លឺម៉ង់ និងរដ្ឋបាល់ទិកទាំងបី កំពុងជំរុញឲ្យមានការពង្រីកផលិតកម្មអាវុធឲ្យឆាប់រហ័ស នៅក្នុងទ្វីបអឺរ៉ុប ដោយបន្ថែមថា ការផលិតគ្រាប់រំសេវ និងប្រព័ន្ធការពារដែនអាកាស ត្រូវបានបង្កើនរួចហើយ។
នាយករដ្ឋមន្ត្រីលីទុយអានី លោកស្រី Ingrida Simonyte បាននិយាយថា ឧស្សាហកម្មការពារជាតិរបស់អឺរ៉ុប កំពុងជួបបញ្ហាហិរញ្ញវត្ថុ និងភាពមិនច្បាស់លាស់សម្រាប់សមត្ថភាពផលិតរយៈពេលវែង ប៉ុន្តែលោកស្រីមានសុទិដ្ឋិនិយមចំពោះរោងចក្រ Rheinmetall ដែលបានគ្រោងទុកនៅក្នុងប្រទេសលីទុយអានី។