អាមេរិក៖ អ្នកជំនាញជាន់ខ្ពស់ផ្នែកជំងឺឆ្លងអាមេរិក លោកវេជ្ជបណ្ឌិត Anthony Fauci បាននិយាយកាលពីថ្ងៃអាទិត្យ ទី១ សីហាថា សហរដ្ឋអាមេរិកនឹងមិនអនុវត្តវិធានការបិទខ្ទប់ម្តងទៀត ក្នុងការរទប់ស្កាត់ការឆ្លងរាលដាលវីរុស COVID-19 ទេ ប៉ុន្តែអ្វីៗនឹងកាន់តែធ្ងន់ធ្ងរទៅ ខណៈវីរុសបម្លែងខ្លួនថ្មី Delta ជំរុញឱ្យមានករណីឆ្លងកើនឡើងខ្លាំង ភាគច្រើនក្នុងចំណោមអ្នកដែលមិនបានចាក់វ៉ាក់សាំង។

លោក Fauci បាននិយាយក្នុងកម្មវិធីសប្ដាហ៍នេះរបស់ទូរទស្សន៍ ABC ថា ពេលនេះភាគរយខ្ពស់នៃជនជាតិអាមេរិកត្រូវបានចាក់វ៉ាក់សាំង ដើម្បីចៀសវាងការបិទខ្ទប់ប្រទេស។ លោកថា មិនគ្រប់គ្រាន់ដើម្បីលុបបំបាត់ការផ្ទុះឡើងនោះទេ ប៉ុន្តែខ្ញុំជឿថា គ្រប់គ្រាន់ដើម្បីមិនអនុញ្ញាតឱ្យយើងចូលទៅក្នុងស្ថានភាព ដែលយើងនឹងស្ថិតនៅក្នុងរដូវរងាចុងក្រោយ។ យោងតាមការវិភាគរបស់សារព័ត៌មាន Reuters ចំនួនមធ្យមនៃករណីឆ្លងវីរុសកូរ៉ូណាថ្មី ដែលត្រូវបានរាយការណ៍ទូទាំងប្រទេសបានកើនឡើងជិតទ្វេដងក្នុងរយៈពេល ១០ថ្ងៃចុងក្រោយនេះ។
ទោះបីជារដ្ឋនានាមិនអនុវត្តវិធានការបិទខ្ទប់ជាថ្មីទៀតក៏ដោយ ក៏ការរីករាលដាលនៃវីរុសបម្លែងខ្លួនថ្មី Delta នៅតែអាចគំរាមកំហែងដល់សេដ្ឋកិច្ចដដែល។ យោងតាមគេហទំព័រ Worldometer សហរដ្ឋអាមេរិកមានករណីឆ្លងវីរុស COVID-19 សរុបចំនួន ៣៥,៧៦៧,១២៦នាក់បន្ទាប់ពីមានករណីឆ្លងថ្មីចំនួន ២១,១០២នាក់ និងស្លាប់មានចំនួន ៦២៩,៣៨០នាក់បន្ទាប់ពីមានអ្នកស្លាប់ ៦៤នាក់បន្ថែមទៀត៕
អត្ថបទ៖ សុខមាន