ក្រុមគ្រួសារជាច្រើន បានស្វែងរកមនុស្សជាទីស្រឡាញ់របស់ពួកគេដែលបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋ Rio Grande do Sul ភាគខាងត្បូងផុតរបស់ប្រទេសប្រេស៊ីល ដែលបានបន្សល់ទុកនូវមហន្តរាយ ហើយមនុស្សយ៉ាងហោចណាស់ ៨៣នាក់ បានស្លាប់ និង១១១នាក់នៅបាត់ខ្លួន។

សាច់ញាតិ បានមករង់ចាំនៅច្រាំងទន្លេ Guaiba ក្នុងទីក្រុងប៉តូ អាឡេគ្រី(Porto Alegre) ដើម្បីស្វែងរកមនុស្សជាទីស្រលាញ់របស់ពួកគេនៅលើទូក ដែលដឹកមនុស្សត្រូវបានជួយសង្គ្រោះមកពីតំបន់រងគ្រោះដោយទឹកជំនន់។
នៅតំបន់ គ្រូហ្សេរ៉ូ ដូស៊ុល(Cruzeiro do Sul) មជ្ឈមណ្ឌលកីឡាមួយកន្លែងត្រូវបានគេប្រើប្រាស់ជាទីជម្រកសម្រាប់ទទួលគ្រួសារជាច្រើន ដែលបានបាត់បង់លំនៅឋាន។

អាជ្ញាធរការពារជនស៊ីវិលរបស់រដ្ឋ បាននិយាយថា ព្យុះបានធ្វើឲ្យប៉ះពាល់ដល់ទីក្រុងជាងពីរភាគបីនៃទីក្រុងជិត៥០០ នៅក្នុងរដ្ឋនេះ និងបណ្តាលឱ្យមនុស្សប្រហែល ១៣០.០០០ នាក់ត្រូវភៀសខ្លួនចេញពីលំនៅឋាន។ ទឹកជំនន់បង្កឡើងដោយព្យុះ បានបំផ្លាញផ្លូវថ្នល់ និងស្ពាន នៅក្នុងទីក្រុងមួយចំនួន ខណៈក៏បានបង្កឱ្យមានបំណាក់ដី និងការបាក់ធ្លាយផ្នែកខ្លះនៃទំនប់វារីអគ្គិសនី នៅរោងចក្រវារីអគ្គិសនីតូចមួយ។
ស្ថានភាពអាកាសធាតុ មានភាពប្រសើរឡើងវិញកាលពីពីថ្ងៃចន្ទ ប៉ុន្តែភ្លៀងរលឹម ត្រូវបានគេរំពឹងថានឹងត្រឡប់មកវិញក្នុងកម្រិតទាបនៅចុងសប្តាហ៍នេះ ហើយអាចកើនឡើងម្តងទៀតនៅចន្លោះថ្ងៃទី ១០ និងទី១៥ ខែឧសភា នេះបើយោងតាមការិយាល័យព្យាករណ៍អាកាសធាតុក្នុងតំបន់។