ចៅក្រមនៅក្នុងការកាត់ក្តីព្រហ្មទណ្ឌរបស់លោក Donald Trump កាលពីថ្ងៃចន្ទ (ទី៦ ខែឧសភា) បានពិន័យរូបលោកចំនួន ១.០០០ដុល្លារ និងឃុំខ្លួនលោក ក្នុងករណីមិនគោរពតុលាការ ដែលនេះជាលើកទី១០ ជុំវិញការរំលោភបំពានដីកាមិនឲ្យនិយាយស្ដីសារធាណៈ និងបានព្រមានថា បើនៅតែប្រព្រឹត្តបែបនេះទៀត អតីតប្រធានាធិបតីរូបនេះ អាចជាប់ពន្ធនាគារ។

ចៅក្រមលោក Juan Merchan បាននិយាយថា ការផាកពិន័យ ១.០០០ដុល្លារ ចំនួន ៩ដង នៅមុននេះ ហាក់ដូចជាមិនបានរារាំងអ្នកជំនួញទ្រព្យហូរហៀររូបនេះមិនឲ្យបំពានលើដីកាហាមនិយាយស្ដី ពោលគឺជាដីកាដែលដាក់បម្រាមមិនឲ្យរូបលោកនិយាយជាសាធារណៈអំពីចៅក្រម និងសាក្សី នៅក្នុងការកាត់ក្តីព្រហ្មទណ្ឌលើកដំបូង ចំពោះអតីតប្រធានាធិបតីអាមេរិក។

ដូច្នេះ ការជាប់ពន្ធនាគារនឹងជាជំហានដែលមិនធ្លាប់មានពីមុនមក នៅក្នុងការកាត់ក្តីជាប្រវត្តិសាស្ត្រ ដែលផ្តើមចេញពីការទូទាត់ប្រាក់បំបិទមាត់ ដែលបានផ្ដល់ឲ្យដល់តារាអាភាស Stormy Daniels ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនៃការបោះឆ្នោតឆ្នាំ២០១៦។
បន្ទាប់ពីសេចក្តីសម្រេចរបស់លោក Merchan ក្រុមប្រឹក្សាតុលាការបានស្តាប់សក្ខីកម្មពីអតីតបុគ្គលិករបស់លោក Trump ដែលអាចជួយជំរុញដល់សំណុំរឿងរបស់រដ្ឋអាជ្ញា ដែលថា លោក Trump បានក្លែងបន្លំកំណត់ត្រាអាជីវកម្ម ដើម្បីបិទបាំងការទូទាត់ប្រាក់បំបិទមាត់នេះ។ លោក Trump បានផ្ដល់ចម្លើយពីភាពមិនមានទោសពៃរ៍ ហើយបដិសេធការធ្វើខុសណាមួយ។
ក្នុងពេលដែលរូបលោក បានដាក់ចេញការផាកពិន័យ លោក Merchan បាននិយាយថា លោកបានចាត់ទុកការដាក់ពន្ធនាគារថា «ពិតជាជម្រើសចុងក្រោយ» ដោយសារការធ្វើបែបនេះនឹងរំខានដល់ការកាត់ក្តី បង្កបញ្ហាប្រឈមផ្នែកសន្តិសុខ និងធ្វើឲ្យមានភាពស្មុគស្មាញដល់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ ដែលលោក Trump មកពីគណបក្សសាធារណរដ្ឋចង់ដណ្ដើមកៅអីសេតវិមានមកវិញពីប្រធានាធិបតីលោក Joe Biden ខាងគណបក្សប្រជាធិបតេយ្យ៕