ក្នុងឱកាស អញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ការដាក់ឱ្យអនុវត្តនូវប្រព័ន្ធ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នៅថ្ងៃនេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់នៅក្នុងការកែលម្អបរិយាកាសធុរកិច្ច ការជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា សំដៅលើកកម្ពស់ គុណភាព ប្រសិទ្ធភាព តម្លាភាព និងភាពជឿជាក់ពីសំណាក់វិនិយោគិន និងធុរជន។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានមានប្រសាសន៍បញ្ជាក់ថា ការដាក់ឱ្យអនុវត្តនូវប្រព័ន្ធ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នៅថ្ងៃនេះ ក៏ជាការបង្ខិតសេវាសាធារណៈទៅជិតអ្នកប្រើប្រាស់តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តកម្ម និងថ្នាក់បច្ចេកវិទ្យា ការផ្ដល់សេវាសាធារណៈដើម្បីសម្រួលនីតិវិធី កាត់បន្ថយពេលវេលា និងចំណាយពាក់ព័ន្ធផ្សេងៗ។
សម្ដេចធិបតីបញ្ជាក់ថា សមិទ្ធផលនេះក៏ជាការជំរុញការកែទម្រង់ស៊ីជម្រៅ និងការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូល និងបង្កើតការប្រកួតប្រជែងដោយស្នើភាព ក្នុងការធ្វើធុរកិច្ច និងការវិនិយោគ និងដើម្បីកាត់បន្ថយបន្ទុកចំណាយ លើការបំពេញតាមកាតព្វកិច្ច និងនីតិវិធីសារពើពន្ធនៅក្នុងប្រទេសកម្ពុជាផងដែរ។
សូមជម្រាបថា «ប្រព័ន្ធបញ្ជរតែមួយជាតិ» គឺជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ច ប្រឹង ប្រែង ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច ជំរុញការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់ កំណើន សេដ្ឋកិច្ចនៅកម្ពុជា។ «ប្រព័ន្ធបញ្ជរតែមួយជាតិ»នេះ គឺជាប្រព័ន្ធថ្មីមួយទៀតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា ដែលបំពេញបន្ថែម និងធ្វើការជាមួយប្រព័ន្ធដែលមានស្រាប់ ដូចជា E-customs, ASYCUDA, Pre-Arrival Manifest System ជាដើម៕អត្ថបទ៖ វ៉ន ដារ៉ា






