ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញបាន ជំរុញជាថ្មីម្ដងទៀតឱ្យអាជ្ញាធរ និងសមត្ថកិច្ច ត្រូវបន្តតាមដានត្រួតពិនិត្យក្លឹបកំសាន្ត និង ខារ៉ាអូខេ ដែលបានបើកលួចលាក់ ដោយមិនមានការកែប្រែជាភោជណីយដ្ឋាន ដើម្បីបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ–១៩ ។
ជាថ្មីម្ដងទៀត ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាប និងសមត្ថកិច្ចតាមបណ្ដាខណ្ឌទាំង១៤នៅក្នុងរាជធានីភ្នំពេញ ត្រូវបន្តការតាមដាន និងត្រួតពិនិត្យទៅលើក្លឹបកំសាន្ត និងខារ៉ាអូខេ ដែលលួចលាក់ ដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ–១៩ ខណៈដែលជំងឺនេះ បាននឹងកំពុងរីករាលដាលនៅឡើយ បើទោះបីប្រទេសកម្ពុជាមិនមានអ្នកស្លាប់ដោយកូវីដ–១៩នេះក៏ដោយ ។ ឯកឧត្ដម ឃួង ស្រេង បានលើកឡើង នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ក្នុងពិធីបើកសិក្ខាសាលាស្ដីពី ការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ–១៩ សម្រាប់អាជ្ញាធរមូលដ្ឋាន ខណ្ឌ សង្កាត់នៅរាជធានីភ្នំពេញ ក្រោមកិច្ចសហការក្នុងភាពជាដៃគូរ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ដែលហៅថា AIMF នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍លើកឡើងថា យើងអាចភ្លេចជំងឺកូវីដ–១៩ តែជំងឺកូវីដ–១៩ មិនភ្លេចយើងទេ ។ ដូច្នេះទេ ក្នុងនាមអាជ្ញាធរខណ្ឌ សង្កាត់ត្រូវបន្តការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋចូលរួមបង្ការ និងទប់ស្កាត់នូវជំងឺ–១៩នេះ និងបន្តតាមដាននៅក្នុងមូលដ្ឋានរបស់ខ្លួន ពាក់ព័ន្ធ នឹងការលួចបើកក្លឹបកម្សាន្ត និងខារ៉ាអូខេ ដែលអាចធ្វើឱ្យរីករាលដាលនៃជម្ងឺកូវីដ–១៩នេះ ។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ផងដែរថា ការបើកអង្គសិក្ខាសាលានេះឡើង គឺក្នុងគោលបំណង ដើម្បីបង្កើនប្រសិទ្ធភាពនៃការឆ្លើយតបលើកិច្ចការបង្ការ និងទប់ស្កាត់ការរាលដាលនៃវីរុស covid-19 នៅក្នុងខណ្ឌ សង្កាត់ និយាយដោយឡែក និងនិយាយជារួមដើម្បីឈានទៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងទូលំទូលាយក្នុងភាពជាដៃគូររវាងសមាគម AIMF និងរដ្ឋបាលរាជធានីភ្នំពេញ តាមស្មារតីនៃឯកសារវិសោធនកម្មលេខ ២ ស្តីពីការត្រៀមបង្ការចំពោះស្ថានភាពបន្ទាន់ គំនិតផ្ដួចផ្តើម ដើម្បីសុខភាព និងអនាម័យល្អក្នុងទីក្រុង។ សម្រាប់ប្រទេសកម្ពុជា ក៏មិនអាចគេចផុតពីការគំរាមកំហែងនៃជំងឺកូវីដ–១៩ ដូចគ្នានេះផងដែរ បើទោះបី ជាមកដល់ពេលនេះ ប្រជាពលរដ្ឋខ្មែររួម និងជនបរទេសដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាមិនទាន់មាននរណាម្នាក់រងគ្រោះរហូតដល់បាត់បង់ជីវិតនៅឡើយក្តី។ ប៉ុន្តែជាកត្តាសត្យានុម័ត បញ្ហានេះ បានបង្កើតឱ្យមានផលប៉ះពាល់លើវិស័យជាច្រើន ពិសេសក្នុងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ចជៀសមិនរួច។ ដូច្នេះ ការរៀបចំសិក្ខាសាលាក្នុងពេលនេះ គឺជាផ្នែកមួយនៃការអនុវត្តន៍គម្រោងត្រៀមបង្ការ និងឆ្លើយតបចំពោះស្ថានភាពបន្ទាន់ ក្នុងនោះ រយៈពេលកន្លងមកក្រុមការងារអនុវត្ត គម្រោងនៃសមាគម AIMF សហការជាមួយ នឹងមន្ទីរសុខាភិបាលរាជធានីភ្នំពេញបើកវគ្គបណ្ដុះបណ្ដាល ចំនួន០៩លើករួចមកហើយ ដោយផ្ដោតសំខាន់លើស្ថានភាពទូទៅនៃជំងឺកូវី–១៩ វិធានការការពារការចម្លងរោគ ការប្រើប្រាស់សំភារៈការពារខ្លួន ការប្រមូលវេចខ្ចប់ និងការដឹកជញ្ជូនសំណាករបស់អ្នកជម្ងឺកូវីដ–១៩ ជាដើម។
គួរបញ្ជាក់ថា អង្គសិក្ខាសាលានេះនឹងធ្វើឡើងក្នុងរយៈពេលពីរថ្ងៃពេញ ហើយនៅក្នុងពិធីនោះ រដ្ឋបាលរាជធានីភ្នំពេញក៏បានប្រគល់បរិក្ខាពេទ្យសម្រាប់ការពារ និងទប់ស្កាត់ជំងឺកូវីដ–១៩ ជូនដល់ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញផងដែរ ដើម្បីប្រើប្រាស់បន្តគាំទ្រក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ–១៩ នៅរាជធានីភ្នំពេញ៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា




