ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា «ប្រព័ន្ធបញ្ជរតែមួយជាតិ» ក៏មានមុខងារដ៏សំខាន់ក្នុងការតភ្ជាប់ទៅកាន់ប្រព័ន្ធបញ្ជរតែមួយអាស៊ាន ដើម្បីផ្លាស់ប្តូរទិន្នន័យវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ, ទិន្នន័យឯកសារប្រតិវេទន៍គយ និងទិន្នន័យឯកសារពាណិជ្ជកម្មផ្សេងទៀត តាមទម្រង់អេឡិចត្រូនិក ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានផងដែរ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថាការបន្តយកចិត្តទុកដាក់ ពង្រឹង និងពង្រីកប្រព័ន្ធអេកូឡូស៊ីឌីជីថល ពិតជាមានសារសំខាន់ជាយុទ្ធសាស្រ្ដដែលអាចចាត់ទុកថាជាក្របខណ្ឌរួមមួយនៃការកែទម្រង់របស់រាជរដ្ឋាភិបាលសំដៅលើកកម្ពស់ការប្រកួតប្រជែងរបស់កម្ពុជា។
សម្ដេចនាយករដ្ឋមន្រ្ដីបញ្ជាក់ថា ស្ថិតក្នុងបរិយាកាសបច្ចុប្បន្ន និងទៅអនាគត សេដ្ឋកិច្ចតំបន់ និងសាកលលោកទាំងមូលនឹងបន្តហ៊ុមព័ទ្ធដោយភាពមិនប្រាកដប្រជាខ្ពស់ក្នុងន័យនេះកម្ពុជា បានត្រៀមខ្លួនសម្រាប់ភាពចាំបាច់ក្នុងការឆ្លើយតបទៅនឹងវិបត្តិណាមួយដែលអាចកើតឡើងជាយថាហេតុ តារមយៈការជំរុញការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងកាន់តែខ្លាំងក្លាឡើងសំដៅលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គមជាតិ។
សូមជម្រាបថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះបានប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដោយបានកំណត់អាទិភាពចំនួន ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា។ ក្នុងនោះបច្ចេកវិទ្យា គឺជាអាទិភាពថ្មីមួយដែលបានកំណត់នៅក្នុងបញ្ចកោណទី៥ គឺការកសាងសេដ្ឋកិច្ច និង សង្គមឌីជីថល ហើយការដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» តាមអនឡាញនឹងលើកកម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគប្រកបដោយសមធម៌៕
អត្ថបទ៖វ៉ន ដារ៉ា