ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ប្រតិភូនិស្សិតជ័យលាភីអាហារូបករណ៍ ចំនួន១៨រូប ដឹកនាំ លោក ផេង គីមហេង មន្ត្រីពីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលនឹងត្រូវបន្តសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យនានា ក្នុងប្រទេសអូស្រ្តាលី ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។
និស្សិតជ័យលាភីទាំង១៨រូបនេះ គឺមកពីក្រសួង ស្ថាប័នចម្រុះនានា រួមមានពីក្រសួងសុខាភិបាល ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងអប់រំ ទីស្ដីការគណៈរដ្ឋមន្ត្រី អង្គការជាតិ អង្គការអន្តរជាតិ ហើយក្នុងនោះក៏មានធនាគារជាតិកម្ពុជា និងធនាគារ មេប៊ែងផងដែរ។

នៅក្នុងជំនួបនេះ សម្ដេចតេជោ បានរៀបរាប់ពីដំណើរតស៊ូ របស់សម្ដេច ក៏ដូចជាថ្នាក់ដឹកនាំចាស់ៗ ដែលបាននាំមកនូវសុខសន្តិភាព និងការក៏សាងប្រទេសពីបាតដៃទទេរ និងបានរៀបរាប់ពីការលំបាកនានា មិនដូចជាក្មួយៗ ចៅៗជំនាន់ក្រោយដែលអាចទៅសិក្សាអាហារូបករណ៍ងាយស្រួល ដែលជីដូនជីតា ឬឪពុកម្ដាយបានឆ្លងកាត់កន្លងមកក្រោយពីកម្ពុជាឆ្លងកាត់ខ្មែរក្រហមនោះ។
ក្នុងជំនួបរវាង ឪពុកនិងកូន ឬក៏ដូចជាជីតានិងចៅៗ សម្ដេច បានចោទជាសំនួរចំពោះ និស្សិតជ័យលាភី អាហារូបករណ៍ទាំងអស់ថា មានចំណាប់អារម្មណ៍យ៉ាងណាចំពោះដំណើរការប្រព្រឹត្តិទៅរបស់រាជរដ្ឋាភិបាលថ្មីអណត្តិទី៧។ ក្រុមនិស្សិត បានសម្ដែងនូវការពេញចិត្តចំពោះការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងគណរដ្ឋមន្ត្រីវ័យក្មេង ជំនាន់ថ្មី ដែលបានដំណើរការរយៈពេល៨ខែកន្លងទៅនេះ និងបានវាយតម្លៃខ្ពស់ចំពោះគណៈរដ្ឋមន្ត្រីថ្មី ដែលរក្សាបានកំណើនសេដ្ឋកិច្ច ស្ថិរភាពនយោបាយ អតិផរណាស្ថិតនៅក្នុងការគ្រប់គ្រង អត្រាប្ដូរប្រាក់មានស្ថិរភាព អ្វីៗមានដំណើរការល្អប្រសើរ។ ក្រុមនិស្សិតមានជំនឿយ៉ាងមុតមាំ និងសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាលថ្មីអណត្តិទី៧។ ជ័យលាភីទាំងអស់ បានប្ដេជ្ញាចិត្តថា បន្ទាប់ពីបញ្ចប់ការសិក្សា នឹងត្រឡប់មកវិញចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើន។

សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ក៏បានចែករំលែកផងដែរថា ការផ្ទេរអំណាចពីជំនាន់ចាស់ទៅជំនាន់ថ្មីគឺជារឿងដ៏ត្រឹមត្រូវ ហើយការផ្ទេរនៅពេលនេះគឺដើម្បីស្ថិរភាពយូរអង្វែងរបស់កម្ពុជា ដោយរយៈពេល៨ខែកន្លងទៅនេះ អ្វីៗបានដំណើរការរលូន មិនមានអ្វីដែលគួរអោយព្រួយបារម្មណ៍នោះទេ។ សម្ដេចតេជោ បានផ្ដាំផ្ញើចំពោះក្មួយៗ និងចៅៗដែលជាជ័យលាភីអាហារូបករណ៍ ដោយសង្ឃឹមថានឹងជាធនធានមនុស្សដ៏ពូកែ បំពេញការសិក្សាដោយមិនភ្លេចទឹកដីកំណើត ជាមួយនឹងការលះបង់របស់ឪពុកម្ដាយ ជីដូនជីតា ដែលបានខិតខំតស៊ូក្រោយថ្ងៃរំដោះមកដល់ពេលនេះ ធ្វើអោយមានសុខសន្តិភាព និងការអភិវឌ្ឍ និងពេលកំពុងបំពេញការសិក្សាត្រូវចាត់ទុកថាជាឱកាសដែលទទួលបាន និងក្រៅពីមុខវិជ្ជាដែលបានកំណត់ ក៏ត្រូវខិតខំសិក្សាលើមុខវិជ្ជាផ្សេងៗទៀតអោយបានច្រើន រៀនច្រើនកាលណាកាន់តែល្អកាលហ្នឹង។
ជាចុងក្រោយ សម្ដេចតេជោ ប្រធាព្រឹទ្ធសភា បានជូនពរ កូនក្មួយ និងចៅៗ ជ័យលាភីអាហារូបករណ៍ទាំងអស់ សូមទទួលបានជោគជ័យក្នុងសិក្សានៅប្រទេសអូស្ត្រាលី ដើម្បីបានត្រឡប់មកបម្រើប្រទេសជាតិយើងនៅពេលខាងមុខនេះ៕




