ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងស្បថចូលកាន់តំណែងក្នុងពិធីដ៏អធិមអធមមួយ ក្នុងវិមានក្រឹមឡាំង នៅថ្ងៃអង្គារ (ទី៧ ខែឧសភា)នេះ ដោយចាប់ផ្តើមអាណត្តិទី៥ ដ៏បំបែកកំណត់ត្រា ជាមួយនឹងអំណាចច្រើនជាងពេលមុនៗ។

ប្រមុខវិមានក្រឹមឡាំងមានវ័យ ៧១ ឆ្នាំរូបនេះ បានគ្រប់គ្រងប្រទេសរុស្ស៊ី ចាប់តាំងពីការផ្លាស់ប្តូរនៃសតវត្សរ៍នេះ ដោយទទួលបានអាណត្តិថ្មីរយៈពេល ៦ឆ្នាំក្នុងខែមីនា បន្ទាប់ពីបានឈ្នះការបោះឆ្នោតប្រធានាធិបតី ដោយគ្មានក្រុមប្រឆាំងទាំងអស់។

ពិធីស្បថចូលកាន់តំណែងនេះ នឹងត្រូវផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ធំៗរបស់រុស្ស៊ី ចាប់ពីពាក់កណ្តាលអធ្រាត្រ នៅពេលដែលរថយន្តទំនើបមួយគ្រឿង នឹងបើកដឹកលោក ពូទីន ទៅកាន់វិមាន Grand Kremlin របស់ទីក្រុងមូស្គូ។
បន្ទាប់ពីមកដល់ លោកនឹងដើរកាត់តាមច្រករបៀងនៃវិមាននេះ ទៅកាន់សាលមហោស្រប Saint Andrew Hall ដ៏ប្រណិត ជាកន្លែងដែលលោក នឹងធ្វើសច្ចាប្រណិធានជាប្រធានាធិបតី និងថ្លែងសុន្ទរកថាខ្លីទៅកាន់ប្រជាជនរុស្ស៊ី។
មន្ត្រីរដ្ឋាភិបាល និងអ្នកការទូតបរទេស នៅទីក្រុងមូស្គូ ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងពិធីនេះ រួមទាំងឯកអគ្គរដ្ឋទូតបារាំង លោក Pierre Levy ដែលត្រូវបានគេរំពឹងថា នឹងចូលរួមផងដែរ។
បណ្តាប្រទេសនៅអឺរ៉ុបផ្សេងទៀត រួមទាំងប៉ូឡូញ អាល្លឺម៉ង់ និងសាធារណរដ្ឋឆេក បានផ្តល់សញ្ញាថា ពួកគេនឹងមិនបញ្ជូនអ្នកតំណាងរបស់ខ្លួនទេ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជុំវិញជម្លោះនៅអ៊ុយក្រែន។