ក្រសួងការបរទេស បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក មិនអាចគាំទ្រការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុង Rafah បានទេ ព្រោះវានឹងនាំទៅរកការបាត់បង់អាយុជីវិតមនុស្សបន្ថែមទៀត និងបង្អាក់ដល់ការដឹកជញ្ជូនជំនួយមនុស្សធម៌។

ការអត្ថាធិប្បាយរបស់អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បានធ្វើឡើងខណៈយន្តហោះអ៊ីស្រាអែល បានចាប់ផ្តើមទម្លាក់គ្រាប់បែកលើទីក្រុងRafah នៅព្រំដែនជាមួយប្រទេសអេហ្ស៊ីប ដែលបច្ចុប្បន្នជាទីជម្រករបស់ពលរដ្ឋប៉ាឡេស្ទីនប្រហែល ១,៤ លាននាក់ ដែលបានភៀសខ្លួនពីតំបន់ហ្កាហ្សាភាគខាងជើង និងភាគកណ្តាល។

លោក Miller បាននិយាយទៅកាន់អ្នកសារព័ត៌មានក្នុងទីក្រុងវ៉ាស៊ីនតោនថា យើងមិនគាំទ្រអ៊ីស្រាអែល ក្នុងការបើកប្រតិបត្តិការយោធាទ្រង់ទ្រាយពេញលេញនៅទីក្រុង Rafah នោះទេ។ រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងមន្ត្រីផ្សេងទៀត នៅក្រុងហ្សេរុយសាឡឹមខាងលិចកាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិក មិនអាចគាំទ្រការវាយលុកលើទីក្រុង Rafah ដូចអ្វីដែលអ៊ីស្រាអែលរំពឹងទុកនាពេលបច្ចុប្បន្ននេះទេ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយថា អ៊ីស្រាអែល ពុំបានបង្ហាញផែនការមនុស្សធម៌ដល់សហរដ្ឋអាមេរិក សម្រាប់តំបន់ហ៊ុមព័ទ្ធមួយនេះ ដែលអាចជឿទុកចិត្តបាន ហើយខ្លួនអាចអនុវត្តបាន។ យើងជឿថា ប្រតិបត្តិការយោធានៅទីក្រុង Rafah នាពេលនេះ នឹងបង្កើនការឈឺចាប់របស់ប្រជាជនប៉ាឡេស្ទីនយ៉ាងខ្លាំង។ លោក Miller បានបញ្ជាក់ថា ជំនួយមនុស្សធម៌ភាគច្រើន ពេលនេះកំពុងត្រូវបានដឹកជញ្ជូនទៅកាន់តំបន់ហ្កាហ្សា ឆ្លងកាត់ទីក្រុង Rafah តាមរយៈប្រទេសអេហ្ស៊ីប ហើយការវាយលុកចូលទៅក្នុងទីក្រុងនេះ នឹងធ្វើឱ្យមានការលំបាកក្នុងការជួយទ្រទ្រង់ការកើនឡើងជំនួយមនុស្សធម៌ ដែលយើងអាចដឹកជញ្ជូនបាន។ កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានប្រាប់ពលរដ្ឋទីក្រុង Rafah ឱ្យជម្លៀសចេញ ព្រោះខ្លួនកំពុងរៀបចំវាយលុកទីក្រុងនេះដោយកម្លាំងខ្លាំង។
លោក Netanyahu បានគម្រាមបញ្ជូនកងទ័ពចូលទៅក្នុងទីក្រុងនេះ រយៈពេលជាច្រើនខែមកហើយ ដោយលើកហេតុផលថា វាចាំបាច់ដើម្បីធានាបានថា អ៊ីស្រាអែលទទួលជ័យជម្នះទាំងស្រុងលើក្រុមហាម៉ាស។ កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយថា លោកមានបំណងធ្វើដូច្នេះដោយមិនគិតពីកិច្ចព្រមព្រៀងបទឈប់បាញ់ ជាមួយក្រុមប៉ាឡេស្ទីន ឬសម្ពាធពីអន្តរជាតិនោះទេ។