
ទីក្រុងមូស្គូនឹងសងសឹកប្រឆាំងនឹងគោលដៅរបស់អង់គ្លេស នៅអ៊ុយក្រែន ឬកន្លែងផ្សេងទៀត ប្រសិនបើទីក្រុងគីវប្រើប្រាស់មីស៊ីលដែលផ្តល់ដោយចក្រភពអង់គ្លេស ដើម្បីវាយប្រហារលើដែនដីរុស្ស៊ី។ នេះបើតាមក្រសួងការបរទេសរុស្ស៊ី ដែលបានប្រាប់ឯកអគ្គរដ្ឋទូតរបស់ទីក្រុងឡុងដ្រ៍ កាលពីថ្ងៃចន្ទ (ទី៦ ខែឧសភា)។
ឯកអគ្គរដ្ឋទូតលោក Nigel Casey ត្រូវបានក្រសួងការបរទេសរុស្ស៊ីកោះអញ្ជើញ បន្ទាប់ពីមាននូវការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Cameron ទៅកាន់សារព័ត៌មាន Reuters ដែលលោកបានប្រាប់ថា អ៊ុយក្រែនមានសិទ្ធិប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលចក្រភពអង់គ្លេសបញ្ជូនទៅ ដើម្បីវាយប្រហារចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំនោះ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា៖ «លោក Casey ត្រូវបានព្រមានថា ការឆ្លើយតប ចំពោះការវាយប្រហាររបស់អ៊ុយក្រែន ដោយប្រើអាវុធរបស់អង់គ្លេសនៅលើទឹកដីរុស្ស៊ី អាចជាទីតាំង និងឧបករណ៍យោធារបស់អង់គ្លេស នៅលើទឹកដីអ៊ុយក្រែន និងកន្លែងផ្សេងទៀត»។
គួរបញ្ជាក់ថា កន្លងមក សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានដាក់កម្រិតពេលបញ្ជូនអាវុធរយៈចម្ងាយឆ្ងាយរបស់ពួកគេទៅកាន់ទីក្រុងគីវ ដោយនិយាយថា ប្រទេសនេះអាចប្រើប្រាស់អាវុធទាំងនេះបានតែលើដែនដីដែលអ៊ុយក្រែនអះអាងថា ជារបស់ខ្លួនប៉ុណ្ណោះ ដែលមានដូចជា Crimea សាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ហើយនិងតំបន់ Kherson និង Zaporozhye៕