
ចៅក្រមអាមេរិកកាលពីថ្ងៃចន្ទ (ទី៦ ខែឧសភា) បានបញ្ចប់ជាផ្លូវការនូវសំណុំរឿងព្រហ្មទណ្ឌរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមហ៊ុន Goldman Sachs ពាក់ព័ន្ធនឹងការងាររបស់ធនាគារ Wall Street សម្រាប់មូលនិធិរដ្ឋ 1MDB របស់ប្រទេសម៉ាឡេស៊ី បន្ទាប់ពីក្រុមហ៊ុននេះបានបំពេញកាតព្វកិច្ចរបស់ខ្លួន និងបានបង់ប្រាក់ពិន័យចំនួន ២,៩ពាន់លានដុល្លារ។
ប្រធានចៅក្រម លោកស្រី Margo Brodie របស់តុលាការសហព័ន្ធ នៅទីក្រុង Brooklyn បានច្រានចោលការចោទប្រកាន់ពីបទសមគំនិតស៊ីសំណូកប្រឆាំងនឹងក្រុមហ៊ុន Goldman បន្ទាប់ពីធនាគារបានបញ្ចប់ដោយជោគជ័យនូវកិច្ចព្រមព្រៀងកាត់ទោស ដែលត្រូវបានពន្យាររយៈពេល ៣ឆ្នាំ និងដែលផុតកំណត់ក្នុងខែតុលា។
ក្រុមហ៊ុន Goldman មិនបានជំទាស់នឹងការទម្លាក់បទចោទប្រកាន់ព្រហ្មទណ្ឌនេះនោះទេ។ ធនាគារនេះបានជួយលក់មូលបត្របំណុលចំនួន ៦,៥ពាន់លានដុល្លារ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ 1Malaysia Development Berhad (1MDB) ដែលអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak បានបង្កើតដោយមានជំនួយពីអ្នកជំនាញហិរញ្ញវត្ថុម៉ាឡេស៊ី លោក Jho Low ដើម្បីជួយលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច។
គួរបញ្ជាក់ថា អាជ្ញាធរអាមេរិក និងម៉ាឡេស៊ី បាននិយាយថា ទឹកប្រាក់ចំនួន ៤,៥ពាន់លានដុល្លារ ត្រូវបានគេលួចដកយក ដោយមួយចំនួនបានបង្វែរទៅគណនីធនាគារ នៅក្រៅប្រទេស និងក្រុមហ៊ុនតំណាង ដែលមានទំនាក់ទំនងជាមួយលោក Low ដែលឥឡូវនេះ គឺជាអ្នករត់គេចខ្លួន។ ក្រុមហ៊ុន Goldman បាននិយាយថា មន្ត្រីរបស់ 1MDB និងអតីតមន្ត្រីរដ្ឋាភិបាលម៉ាឡេស៊ី បាននិយាយកុហកខ្លួន អំពីគោលបំណងនៃការប្រើប្រាស់ពីការលក់មូលបត្របំណុលនេះ។
សូមបញ្ជាក់បន្ថែមទៀតថា លោក Roger Ng អតីតប្រធានធនាគារវិនិយោគ នៅប្រទេសម៉ាឡេស៊ី ត្រូវបានផ្ដន្ទាទោស នៅទីក្រុង Brooklyn និងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ ប៉ុន្តែត្រូវបានបញ្ជូនទៅម៉ាឡេស៊ី កាលពីខែតុលាឆ្នាំមុន ដើម្បីជួយដល់ការស៊ើបអង្កេតនៅទីនោះ៕