
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅរុស្ស៊ី លោក Zhang Hanhui បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ី ក្នុងសុន្ទរកថាដែលបានចេញផ្សាយ នៅថ្ងៃអង្គារ (ទី៧ ខែឧសភា)នេះថា ទីក្រុងប៉េកាំងគាំទ្រសន្និសីទសន្តិភាពស្តីពីសង្គ្រាមអ៊ុយក្រែន ដែលនឹងឃើញមានការចូលរួមស្មើភាពគ្នាពីគ្រប់ភាគីទាំងអស់។
ទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់សម្តីរបស់ឯកអគ្គរដ្ឋទូតរូបនេះដែលបាននិយាយថា៖ «ប្រទេសចិនគាំទ្រការកោះប្រជុំទាន់ពេលវេលានៃសន្និសីទសន្តិភាពអន្តរជាតិដែលត្រូវបានអនុម័តដោយភាគីរុស្ស៊ី និងអ៊ុយក្រែន ដោយមានការចូលរួមស្មើភាពគ្នាពីគ្រប់ភាគី និងការពិភាក្សាដោយយុត្តិធម៌នូវគ្រប់ជម្រើសទាំងអស់ សម្រាប់សន្តិភាព»។
គួរបញ្ជាក់ថា ប្រទេសស្វីសនឹងធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សា អំឡុងសន្និសីទកម្រិតខ្ពស់រយៈពេល ២ថ្ងៃ នៅថ្ងៃទី ១៥-១៦ ខែមិថុនា ក្នុងគោលបំណងដើម្បីសម្រេចបាននូវសន្តិភាព នៅក្នុងប្រទេសអ៊ុយក្រែន ដែលទីក្រុងមូស្គូមិនត្រូវបានអញ្ជើញឲ្យចូលរួម។ កាលពីថ្ងៃចន្ទ (ទី៦ ខែឧសភា) ប្រធានាធិបតីចិន លោក Xi Jinping ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសបារាំង ហាក់ដូចជាមិនមានភាពច្បាស់លាស់ចំពោះសន្និសីទស្វីសនេះ។
ទីក្រុងមូស្គូបាននិយាយថា ខ្លួនមើលមិនឃើញពីការមានប្រយោជន៍ណាមួយ ក្នុងកិច្ចចរចាសន្តិភាពអ៊ុយក្រែន នៅប្រទេសស្វីស ខណៈដែលទីក្រុងគីវ បាននិយាយថា ក្នុងកិច្ចប្រជុំកំពូលដែលធ្វើឡើងនៅជិតទីក្រុង Lucerne របស់ស្វីសនេះ ខ្លួនមើលមិនឃើញពីកន្លែងណាមួយ សម្រាប់វត្តមានរបស់រុស្ស៊ីនោះទេ។
យ៉ាងណាក្ដី ឯកអគ្គរដ្ឋទូតចិនប្រចាំនៅរុស្ស៊ី បានប្រាប់សារព័ត៌មាន RIA ថា ទីក្រុងប៉េកាំងត្រៀមខ្លួនជាស្រេច ដើម្បីបន្តដើរតួនាទី និងនាំយក «គតិបណ្ឌិតរបស់ប្រទេសចិន» ជួយដោះស្រាយវិបត្តិនេះ៕