
ក្រុមមន្ត្រី បាននិយាយកាលពីថ្ងៃចន្ទថា ការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ី បានកាត់ផ្តាច់ថាមពលដល់អ្នកប្រើប្រាស់ជាង ៤០០.០០០នាក់ នៅតំបន់មួយចំនួននៃតំបន់ Sumy ភាគឦសាននៃប្រទេសអ៊ុយក្រែន បន្ទាប់ពីទីក្រុងគីវ បាននិយាយថា កងកម្លាំងការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់យានដ្រូវាយប្រហារចំនួន ១២គ្រឿងនៅក្នុងតំបន់នេះ នៅពេលយប់។
ប្រតិបត្តិករបណ្តាញអគ្គិសនីជាតិ Ukrenergo បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា ការងារដើម្បីស្តារចរន្តអគ្គិសនី បានបន្តរហូតដល់ព្រឹក ខណៈដែលការតាំងទីលំនៅចំនួន ៩១ ក្នុងចំណោម ១.៣២៥ ដែលរងផលប៉ះពាល់ នៅតែមិនមានអគ្គិសនីប្រើប្រាស់នៅក្នុងតំបន់នេះ។
រដ្ឋបាលយោធាក្នុងតំបន់ បាននិយាយនៅលើបណ្តាញសង្គម Telegram ថា៖«ការផ្គត់ផ្គង់អគ្គិសនី ត្រូវបានស្ដារឡើងវិញ នៅក្នុងតំបន់តាំងទីលំនៅដែលរងផលប៉ះពាល់ និងផ្នែកខ្លះនៃទីក្រុង Sumy» ។
កងទ័ពអាកាសអ៊ុយក្រែន បានអះអាងថា រុស្ស៊ី បានវាយប្រហារដោយយានដ្រូន ១៣គ្រឿងប្រឆាំងនឹងអ៊ុយក្រែន។ ប្រព័ន្ធការពារដែនអាកាស បានបាញ់ទម្លាក់យានដ្រូនចំនួន១២ គ្រឿងនៅពីខាងលើតំបន់ Sumy ។
ការវាយប្រហារដោយយានដ្រូន និងមីស៊ីលទ្រង់ទ្រាយធំរបស់រុស្ស៊ី នាពេលថ្មីៗនេះ មានគោលបំណងកាន់តែខ្លាំងឡើងទៅលើប្រព័ន្ធថាមពលរបស់អ៊ុយក្រែន ដែលនាំឲ្យមានការដាច់ភ្លើង នៅក្នុងតំបន់ជាច្រើន និងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ស្ថានីយថាមពលកម្តៅ និងវារីអគ្គិសនីរបស់ខ្លួន។
រដ្ឋមន្ត្រីថាមពលអ៊ុយក្រែន លោក German Galushchenko បាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហារទាំងនេះ បានបណ្តាលឲ្យខូចខាតដល់វិស័យនេះមានតម្លៃជាង ១ពាន់លានដុល្លារ។