ឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ត្រូវបានដាក់ពង្រាយដោយកងកម្លាំងស្វ័យការពាររបស់ប្រទេសជប៉ុនដែលបានធ្វើការរយៈពេលបីថ្ងៃមកហើយ ដើម្បីពន្លត់ចំហេះព្រៃ ដែលបានឆាបឆេះលើផ្ទៃដី១៣៥ ហិកតា នៅតំបន់ភ្នំមួយក្នុងខេត្ត Yamagata ភាគឦសាន។
ចំហេះព្រៃ បានឆាបឆេះនៅតំបន់ភ្នំមួយក្នុងទីក្រុង Nanyo ចាប់តាំងពីថ្ងៃសៅរ៍ ទី៤ ខែឧសភា ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ NHK បានឱ្យដឹងថា ប្រជាជនជាង៤០០នាក់ ដែលរស់នៅក្នុងស្រុកចំនួនពីរនៅជិតទីតាំងចំហេះព្រៃ ត្រូវបានបញ្ជាឱ្យជម្លៀសខ្លួនចេញ។ ប្រព័ន្ធផ្សព្វផ្សាយ NHK បានរាយការណ៍ថា បុរសម្នាក់អាយុ៧០ឆ្នាំ បានរងរបួសដោយសារការរលាកភ្លើងនៅជើងរបស់គាត់។
បុគ្គលិកសង្គ្រោះបន្ទាន់ ដែលរួមមានកងកម្លាំងស្វ័យការពារជប៉ុន និងអ្នកពន្លត់អគ្គីភ័យក្នុងតំបន់ បានបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីពន្លត់អណ្តាតភ្លើងនៅថ្ងៃអង្គារនេះ។
មូលហេតុនៃចំហេះព្រៃ បច្ចុប្បន្នកំពុងស្ថិតក្រោមការស៊ើបអង្កេត ប៉ុន្តែអាជ្ញាធរនៅក្នុងទីក្រុង Nanyo បានសន្មតថា អាកាសធាតុក្តៅស្ងួត បណ្តាលឲ្យមានការរាលដាលចំហេះព្រៃ។