ភ្នំពេញ៖ ជនសង្ស័យជាខ្មាន់កាំភ្លើងក្រោយបាញ់តដៃជាមួយសមត្ថកិច្ចអស់ជាច្រើនគ្រាប់ត្រូវបានកម្លាំងសមត្ថកិច្ចឡោមព័ទ្ធឃាត់ខ្លួនបានភ្លាមៗ និងបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។
ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ០៦ល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចតំបន់ផ្សារសាំហាន់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា សមត្ថកិច្ចចម្រុះបានឡោមព័ទ្ធទីតាំងមួយកន្លែងក្បែរផ្សារសាំហាន់ ដើម្បីឃាត់ខ្លួនខ្មាន់កាំភ្លើងពាក់ព័ន្ធករណីបាញ់បណ្ដាលឲ្យបុរសម្នាក់ទៀតរងរបួសចង្កេះ។ តែក្នុងប្រតិបត្តិការឡោមព័ទ្ធនេះខ្មាន់កាំភ្លើងបានបាញ់តដៃជាមួយនឹងសមត្ថកិច្ចជាច្រើនគ្រាប់រហូតដល់អស់គ្រាប់ ទើបកម្លាំងសមត្ថកិច្ចឃាត់ខ្លួនខ្មាន់កាំភ្លើងនេះបាន។
ទាក់ទិនករណីនេះ កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែឧសភាឆ្នាំ២០២៤ មានបុរសម្នាក់បានដកកាំភ្លើងខ្លីបាញ់ជាច្រើនគ្រាប់ត្រូវចំយុវជនម្នាក់បណ្តាលឲ្យរងរបួសដោយសារខឹងក្មេងៗលេងឈូសសើចឌឺដង ស្របពេលកំពុងឈ្លោះជាមួយប្រពន្ធ ។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅស្តុប R3 ច្រកចូលបឹងកក់ក្នុងមូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕
អត្ថបទ៖ កុម្ភៈ













