រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានជួបជាមួយប្រធានាធិបតី ប្រទេស កាតេម៉ាឡា លោក ប៊ឺដាដូ អារ៉េវ៉ាឡូ(Bernardo Arevalo) ដើម្បីពិភាក្សាអំពីបញ្ហាអន្តោប្រវេសន៍នៅក្នុងទីក្រុងប្រទេសកាតេម៉ាឡា កាលពីថ្ងៃអង្គារ។

លោក Blinken បាននិយាយថា សហរដ្ឋអាមេរិក កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីការពារពលករចំណាកស្រុកពីការកេងប្រវ័ញ្ច ហើយសហរដ្ឋអាមេរិក កំពុងចូលរួមក្នុងគំនិតផ្តួចផ្តើមជ្រើសរើសពលករដោយយុត្តិធម៌របស់អង្គការពលកម្មអន្តរជាតិ។
លោក Arevalo បាននិយាយថា ការធ្វើចំណាកស្រុកដ៏ច្រើន គឺជាបាតុភូតមនុស្ស ដែលធ្វើឲ្យប៉ះពាល់ដល់ជីវិតរបស់មនុស្ស។
លោកបាននិយាយបន្ថែមថា នៅពីក្រោយតួលេខនៃលំហូរការធ្វើចំណាកស្រុក មានរឿងរ៉ាវរាប់លាននៃគ្រួសារបែកបាក់គ្នា ការខូចចិត្ត កុមារនិងស្ត្រីប្រឈមទៅនឹងអំពើហិង្សា និងការរំលោភបំពានគ្រប់បែបយ៉ាងនៅក្នុងប្រទេសដែលពួកគេឆ្លងកាត់។
ក្រសួងការបរទេសអាមេរិក បាននិយាយថា លោក Blinken បានជួបជាមួយប្រធានាធិបតីប្រទេសកាតេម៉ាឡា និងមេដឹកនាំដ៏ទៃទៀត ដើម្បីពិភាក្សាពីការអនុវត្តន៍ ការគ្រប់គ្រងការធ្វើអន្តោប្រវេសន៍ និងសមាហរណកម្មជនភៀសខ្លួន។
