ប្រធានអង្គការឃ្លាំមើល លោក Rafael Grossi បាននិយាយកាលពីថ្ងៃអង្គារ ខណៈលោកបានវិលត្រឡប់ពីដំណើរទស្សនកិច្ចនៅប្រទេសអ៊ីរ៉ង់ ថា ប្រទេសអ៊ីរ៉ង់ និងអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ នឹងបន្តកិច្ចពិភាក្សាក្នុងគោលបំណងបញ្ចប់ភាពជាប់គាំងលើបញ្ហាជាច្រើន រវាងភាគីទាំងពី ហើយនឹងធ្វើកិច្ចព្រមព្រៀងលើកញ្ចប់វិធានការ ក្នុងពេលឆាប់ៗនេះ។

ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ប្រឈមមុខទៅនឹងការលំបាកជាច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងការពិតដែលថាទីក្រុងតេអេរ៉ង់ បានអនុវត្តតែផ្នែកតូចមួយនៃអ្វីដែល លោក Grossi បានគិតថា ប្រទេសនេះបានប្តេជ្ញាចិត្តតែនៅក្នុង «សេចក្តីថ្លែងការណ៍រួម» ស្តីពីកិច្ចសហប្រតិបត្តិការនាពេលអនាគត ដែលបានធ្វើឡើងកាលពីខែមីនា ឆ្នាំ២០២៣ និងវិធានការជាក់ស្តែងមួយចំនួន ដែលត្រូវបានបញ្ឈប់ កាលពីខែមិថុនា ឆ្នាំមុន។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុង Isfahan ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ ជាមួយប្រធានកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ លោក Mohammad Eslami លោក Grossi បាននិយាយថា ភាគីទាំងពីកំពុងស្វែងរកការព្រមព្រៀងលើ «វិធានការជាក់ស្តែង» ដែលបច្ចុប្បន្ននេះ អ៊ីរ៉ង់អាចទទួលយកបាននៅក្រោមសេចក្តីថ្លែងការណ៍រួមនោះ ជាជាងការពិភាក្សាស្វែងរកកិច្ចព្រមព្រៀងថ្មី។
នៅពេលត្រូវបានសួរ ថាតើអ៊ីរ៉ង់កំពុងទាមទារឱ្យដកទណ្ឌកម្ម ជាថ្នូរទៅនឹងវិធានការនុយក្លេអ៊ែរ ដែល ហួសពីការលើកលែងរបស់ទីភ្នាក់ងារ IAEA និងទាមទារឱ្យមានការចូលរួមពីប្រទេសមហាអំណាច លោក Grossi បាននិយាយថា មានទិដ្ឋភាពនយោបាយចំពោះការពិភាក្សា ប៉ុន្តែទោះជាយ៉ាងណាបញ្ហាមួយចំនួនគឺនៅខាងក្រៅរង្វង់សមត្ថកិច្ចរបស់លោក។