ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងនគរបាល និងក្រុមបាតុករអំឡុងពេលបាតុកម្មគាំទ្រប៉ាឡេស្ទីន នៅកណ្តាលក្រុងអាថែន កាលពីថ្ងៃអង្គារ (០៧ ឧសភា) មួយថ្ងៃបន្ទាប់ពីយោធាអ៊ីស្រាអែល បានបើកប្រតិបត្តិការជើងគោក និងផ្លូវអាកាសនៅក្នុងផ្នែកភាគខាងកើតក្រុង រ៉ាហ្វា ក្នុងតំបន់ហ្កាហ្សាស្ទ្រីប។
មនុស្សជាង ៣០០ នាក់ ដែលកាន់ទង់ជាតិប៉ាឡេស្ទីន និងបដាដែលសរសេរថា «កុំប៉ះពាល់ក្រុងរ៉ាហ្វា!» បានប្រមូលផ្តុំគ្នានៅខាងក្រៅអគារសភាក្នុងរដ្ឋធានីក្រិក។ នគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមបាតុករមួយក្រុមតូចដែលបានឡើងតាមទ្វារស្ថានទូតអេហ្ស៊ីប ទល់មុខសភា ហើយការប៉ះទង្គិចគ្នានេះមានរយៈពេលខ្លីប៉ុណ្ណោះ។
អ្នកតវ៉ាម្នាក់បាននិយាយថា «ពួកយើងនៅទីនេះក្នុងសាមគ្គីភាពជាមួយអ្នកស្រុកហ្កាហ្សា ហើយយើងនឹងឆ្លើយតបគ្រប់ពេលដែលប៉ាឡេស្ទីនអំពាវនាវសម្រាប់សាមគ្គីភាព»។ ក្រសួងសុខាភិបាលរបស់ហ្កាហ្សា បាននិយាយកាលពីថ្ងៃអង្គារ ថាយ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ៣៤.៧៨៩ នាក់ត្រូវបានសម្លាប់ និងមនុស្ស ៧៨.២០៤ នាក់បានរងរបួសនៅក្នុងសង្គ្រាមរយៈពេលប្រាំពីរខែ។
សង្គ្រាមដ៏បង្ហូរឈាមនេះបានចាប់ផ្តើមនៅពេលដែលពួកសកម្មប្រយុទ្ធហាម៉ាស បានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ដោយបានសម្លាប់មនុស្សប្រហែល ១.២០០ នាក់ និងចាប់មនុស្សប្រហែល ២៥០ នាក់ទៀត ដែលក្នុងនោះមនុស្ស ១៣៣ នាក់ត្រូវបានគេជឿថានៅតែជាប់ជាចំណាប់ថ្នូររបស់ក្រុមហាម៉ាស៕