នគរបាល ក្នុងតំបន់ បានប៉ះទង្គិចគ្នាជាមួយក្រុមបាតុករគាំទ្រប៉ាឡេស្ទីន នៅក្នុងរដ្ឋធានីអាំស្ទែដាំ (Amsterdam) កាលពីថ្ងៃទី៧ខែឧសភា បន្ទាប់ពីនគរបាលបង្រ្កាបកុបកម្ម បានបំបែកហ្វូងមនុស្សដោយហិង្សា លើជំរំមួយនៅក្នុងសាកលវិទ្យាល័យមួយកន្លែង ។

នគរបាលបានប្រើដំបងទប់ទល់នឹងការកញ្ជ្រោលរបស់ក្រុមអ្នកតវ៉ា កំពុងបិទផ្លូវជុំវិញបរិវេណរបស់សាកលវិទ្យាល័យនោះ ដែលព្យាយាមរុលទៅជិតវិមានរបបប្រល័យពូជសាសន៍ហូឡូកូស(Holocaust Monumen) របស់អឺរ៉ុប ។

កាលពីព្រឹកថ្ងៃអង្គារ ហ្វូងមនុស្សប់រយនាក់ បានប្រមូលផ្ដុំគ្នា ស្រែកពាក្យស្លោក ប្រឆាំងនឹងសង្គ្រាម នៅក្នុងដែនដីហ្កាហ្សា និងថ្កោលទោសប្រតិបត្តិការយោធារបស់អ៊ីស្រាអែល ដែលនៅតែបន្ត។ នគរបាល បានប្រើគ្រឿងចក្រឈូសឆាយរនាំងនៅសាកាលវិទ្យាល័យអាំស្ទែដាំ កាលពីព្រឹកថ្ងៃអង្គារ និងបានចាប់ឃុំខ្លួនមនុស្សចំនួន១៤០នាក់ដែលពេលខ្លះមានការប៉ះទង្គិចគ្នាដោយហឹង្សា ទៀតផង ។

នៅក្នុងប្រទេសបារាំងវិញ បាតុករជានិសិ្សតជាច្រើន ចេញតវ៉ានៅមុខសាកលវិទ្យា Sciences Po University ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃអង្គារទី៧ខែឧសភា រិះគន់ការវាយប្រហារនាពេលថ្មីៗរបស់អ៊ីស្រាអែល និងការកាត់ផ្ដាច់ផ្លូវនាំជំនួយមនុស្សធម៌ដ៏សំខាន់ចូលទៅក្នុងទីក្រុងរ៉ាហ្វា។
ចំណែកនៅចក្រភពអង់គ្លេសវិញ ក្រុមនិស្សិតនៅសាកលវិទ្យាល័យ Oxford បានបោះជំរំនៅក្នុងបរិវេណសាកលវិទ្យាល័យនេះជាការបង្ហាញការគាំទ្រចំពោះពលរដ្ឋប៉ាឡេស្ទីនពីការវាយប្រហារសម្លាប់មនុស្សរាប់ម៉ឺននាក់នៅហ្កាហ្សាក្រោមស្នាដៃរបស់អ៊ីស្រាអែល។
ការតវ៉ារបស់និស្សិតប្រឆាំងសង្រ្គាមរបស់អ៊ីស្រាអែល និងការទាមទារឲ្យសាកលវិទ្យានានា កាត់ផ្ដាច់ទំនាក់ទំនងជាមួយអ៊ីស្រាអែល បានចាប់ផ្ដើម រីកសាយទូទាំងអឺរ៉ុប ហើយបច្ចុប្បន្នចលនានិស្សិតតវ៉ា នៅតែបន្តទូទាំងសហរដ្ឋអាមេរិក៕