បណ្តាសាលារៀននៅខេត្តកណ្តាល នៅថ្ងៃទី៨ ខែឧសភានេះ បានចាប់ផ្តើមអនុវត្តម៉ោងរៀន និងបង្រៀនតាមកាលវិភាគដូចធម្មតាឡើងវិញ ក្រោយពីបានទទួលសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៧ ខែឧសភា ម្សិលមិញនេះឲ្យអនុវត្តម៉ោងសិក្សាធម្មតាវិញ ខណៈទូទាំងប្រទេសអាកាសធាតុមានសីតុណ្ហភាពត្រឡប់ត្រឹម ២៥ ទៅ៣៧ អង្សាវិញ។

បណ្តាសាលារៀនមានកម្រិតបឋមសិក្សា ដល់វិទ្យាល័យ នៅទូទាំងខេត្តកណ្តាល នៅថ្ងៃនេះ បានចាប់ផ្តើមអនុវត្តម៉ោងរៀន និងបង្រៀនទៅតាមកាលវិភាគដូចធម្មតាវិញ ពោលគឺវេនពេលព្រឹកសិស្សានុសិស្សចាប់ចូលរៀន នៅម៉ោង ៧ និងចេញពីរៀនវិញនៅម៉ោង ១១។ ដោយឡែកវេនរៀនពេលថ្ងៃ គឺចាប់ចូលរៀននៅម៉ោង ១ និងចេញពីនៅម៉ោង៥ល្ងាចជាធម្មតាវិញ ក្រោយពីកម្តៅសីតុណ្ហភាពកម្ដៅថ្ងៃបានធ្លាក់ចុះវិញ។

អំឡុងទូទាំងប្រទេសមានមានកម្តៅអាកាសធាតុឡើងដល់ ៤០ និង៤១អង្សា ក្រសួងអប់រំបានសម្រេចជូនដំណឹងគ្រឹះស្ថានសិក្សានានាអនុវត្តសិទ្ធសម្រេចជាក់ស្តែង ធ្វើការផ្លាស់ប្តូរម៉ោងរៀន និងបង្រៀន ដែលបញ្ហានេះធ្វើឲ្យបណ្តាសិស្សានុសិស្សថ្នាក់ទី១២ ដែលកំពុងខំប្រឹងរៀន ដើម្បីត្រៀមប្រឡងបាក់ឌុប មានការព្រួយបារម្ភខ្លះៗដែរ អំពីបញ្ហាអាកាសធាតុឡើងកម្តៅនេះធ្វើឲ្យប៉ះពាល់ម៉ោងសិក្សា និងសុខភាពការសិក្សារបស់គេ ហើយនៅពេលនេះ សិស្សទាំងអស់គ្នាមានសប្បាយចិត្តដែលកម្តៅអាកាសធាតុធ្លាក់មករកភាពធម្មតាវិញបានលឿន។

លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល ថ្លែងថា មកដល់ពេលនេះ មន្ទីរអប់រំ បានផ្សព្វផ្សាយជូនដំណឹងទៅដល់ការិយាល័យអប់រំក្រុងស្រុក គ្រឹះស្ថានសិក្សាអស់ហើយ ហើយបណ្តាសាលារៀនទាំងអស់ ក៏បាននាំគ្នាអនុវត្តសេចក្តីណែនាំ ចេញនៅថ្ងៃទី៧ ខែឧសភាម្សិលមិញ ឲ្យម៉ោងរៀន និងបង្រៀន តាមកាលវិភាគធម្មតាវិញ ក្រោយកម្តៅថ្ងៃធ្លាក់មករកភាពធម្មតាវិញ៕ អត្ថបទ ស៊ុម សុខជា
