ការងារអង្កេតចន្លោះជំរឿនប្រជាជនជាការងារចាំបាច់មួយ ដែលក្រសួងផែនការតែងចុះប្រមូលទិន្នន័យរៀងរាល់ចន្លោះជំរឿនប្រជាជន។ ជាក់ស្ដែងកំឡុងខែ ឧសភានេះ ក្រុមការងារជំនាញនៃក្រសួងផែនការ បាននឹងកំពុងបន្តចុះប្រមូលទិន្នន័យ ពីគ្រួសារគោលដៅ ដែលត្រូវបានជ្រើសរើសនៅតាមមណ្ឌលជំរឿននីមួយៗ។
ការងារប្រមូលទិន្នន័យចន្លោះជំរឿនប្រជាជនឆ្នាំ ២០២៤ បានចាប់ផ្ដើមនៅថ្ងៃទី ៣ខែ ឧសភា ឆ្នាំ ២០២៤នេះ។ ការប្រមូលទិន្នន័យនេះ នឹងបន្តរហូតដល់ថ្ងៃទី ២០ ខែឧសភា។ ការងារប្រមូលទិន្នន័យអង្កេតចន្លោះជំរឿនប្រជាជននេះ គឺខុសពីការប្រមូលទិន្នន័យជំរឿនប្រជាជន។ ការប្រមូលទិន្នន័យចន្លោះជំរឿនប្រជាជន គឺសម្ភាសន៍ទៅលើគ្រួសារគោលដៅដែលជាសំណាកមួយចំនួនប៉ុណ្ណោះ។
សម្រាប់ការងារអង្កេតចន្លោះជំរឿនប្រជាជននេះ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានលើកឡើងកាលពីថ្ងៃទី ១៩ ខែមេសា កន្លងទៅថា ទិន្នន័យ និងព័ត៌មានស្ថិតិ នៃអង្កេតចន្លោះជំរឿនប្រជាជនឆ្នាំ២០២៤នេះ គឺជាធាតុចូល និងភស្តុតាងដ៏សំខាន់ ដែលអ្នកធ្វើគោលនយោបាយត្រូវការជាចាំបាច់សម្រាប់ការរៀបចំគោលនយោបាយយុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រជាសាស្ត្រឱ្យចំគោលដៅ សម្រាប់រយៈពេលខ្លីមធ្យម និងវែង។ អង្កេតចន្លោះជំរឿនប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៤ គឺជាអង្កេតលើកទីបី ដែលកម្ពុជា បានរៀបចំឡើង។ អង្កេតចន្លោះប្រជាជនលើកទីមួយនៅឆ្នាំ ២០០៤ ដែលធ្វើឡើងក្នុងចន្លោះជំរឿនប្រជាជនទូទៅឆ្នាំ១៩៩៨ និងជំរឿនប្រជាជនទូទៅឆ្នាំ២០០៨។ អង្កេតចន្លោះប្រជាជន លើកទីពីរនៅឆ្នាំ២០១៣ ក្នុងចន្លោះជំរឿនប្រជាជនទូទៅឆ្នាំ២០០៨ និងជំរឿនប្រជាជនទូទៅឆ្នាំ២០១៩។
អង្កេតចន្លោះជំរឿនប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤ គឺជាការប្រមូលព័ត៌មាន ទាក់ទងនឹងប្រជាជន សុខភាព និងបញ្ហាសង្គមដូចជារចនាសម្ព័នអាយុ ភេទរបស់ប្រជាជន ជាតិពន្ធុ (ភាសាកំណើត) សាសនា ពិការភាព ស្ថានភាពអប់រំ មុខវិជ្ជាជំនាញដែលទទួលបាន ស្ថានភាពការងារ វិស័យការងារ ផ្នែកការងារ និងសេដ្ឋកិច្ច សង្គមកិច្ច ភាពមានឬគ្មានការងារធ្វើ អសកម្មជនសេដ្ឋកិច្ច មរណភាពទារក មរណភាពកុមារ មរណភាពមាតា។ លើសពីនេះក៏ផ្តោតលើ អាយុសង្ឃឹមរស់ ស្ថានភាពអាពាហ៍ពិពាហ៍ កម្រិតលទ្ធភាពមានកូន ចំណាកស្រុកក្នុងនិងក្រៅប្រទេស ចរឹតលក្ខណៈផ្ទះសម្បែង និងបរិស្ថាន ដូចជាគោលដៅក្នុងការប្រើប្រាស់អគារ/សំណង់ ការកាន់កាប់លំនៅដ្ឋាន ប្រភពបំភ្លឺចម្បង ប្រភពថាមពលប្រើប្រាស់សម្រាប់ចំអិនអាហារ ទឹកស្អាត គ្រប់គ្រងបង្គន់អនាម័យ ការទុកដាក់ កាកសំណល់លាមក ការប្រើប្រាស់គណនីធនាគារ ការប្រើប្រាស់ថ្នាំជក់ ការប្រើប្រាស់អ៊ុនធើណែត ការវាយតម្លៃ ចំណេះដឹង ឥរិយាបទ ការអនុវត្ត និងកត្តាហានិភ័យសម្រាប់ជំងឺមិនឆ្លង និងរបួស និងទ្រព្យសម្បត្តិដែលគ្រួសារមាន សម្រាប់វិភាគពហុសមាសធាតុក្រីក្រក្នុងចំណោមប្រជាជនកម្ពុជា៕ អត្ថបទ៖ គឹមហុក






