ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យឯកឧត្តម ខាលីត អាលី អាប់ឌុលឡាអាបែល (Khalid Ali Abdulllah Abel) ឯកអគ្គរាជទូតនៃប្រទេសកាតា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកអគ្គរាជទូតដែលបានធ្វើដំណើរមកកម្ពុជាហើយសម្តេច បានមានប្រសាសន៍ថា កាតាមានថវិកាច្រើនគួរតែបើកស្ថានទូតផ្ទាល់នៅកម្ពុជា ប្រសើរជាងមាននិវេសដ្ឋាននៅប្រទេសផ្សេង សម្តេចតេជោបានរំលឹកថា នៅពេលសម្ដេចនៅជា នាយករដ្ឋមន្ត្រី សម្តេចពុំមានពេលគ្រប់គ្រាន់ទទួលទូតដែលមាននិវេសដ្ឋាននៅក្រៅប្រទេសនោះទេ ដោយនេះគឺជាករណីពិសេស។ សម្ដេចតេជោ បានរំឭកថានៅឆ្នាំ២០០៨ ពេលដែលព្រះអង្គម្ចាស់នាយករដ្ឋមន្ត្រីរបស់កាតា បានមកបំពេញព្រះរាជទស្សនកិច្ចនៅកម្ពុជា គឺជាពេលដែលយើងបានចាប់ផ្ដើមទំនាក់ទំនងការទូតរវាងកម្ពុជានិងកាតា។
ជាការឆ្លើយតប ឯកអគ្គរាជទូត បានធ្វើគារវកិច្ច និងពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង ប្រធានសភាកាតា ជូនចំពោះសម្តេចតេជោ និងប្រជាជនកម្ពុជា និងសូមអបអរសាទរសម្តេចចំពោះ ដែលទទួលបានតួនាទីថ្មី ជាប្រធានព្រឹទ្ធសភានៃកម្ពុជា។
ឯកអគ្គរាជទូតបានថ្លែងអំណរគុណចំពោះសម្តេច និងបានលើកឡើងថាជាកិត្តិយសណាស់ដែល ឯកឧត្ដម បានចូលជួបសម្តែងការគួរសមជាមួយសម្តេចនៅថ្ងៃនេះ ហើយសង្ឃឹមថាកាតានឹងមាននិវេសដ្ឋាននៅកម្ពុជានៅពេលខាងមុខ ហើយក៏បានប្ដេជ្ញាថានឹងខិតខំបង្កើនទំនាក់ទំនងការទូតឱ្យបានមានកម្រិតខ្ពស់ជាងមុន ពង្រីកទំនាក់ទំនង ជាមួយនឹងកម្ពុជា ពិសេសនៅលើវិស័យសន្តិសុខស្បៀង ដោយសារថាកម្ពុជាគឺជាប្រទេសដែលផលិតស្បៀង។
ជាការឆ្លើយតបសម្ដេចតេជោ បានសម្តែងការអរគុណ ចំពោះការពាំនាំ ការផ្ដាំផ្ញើសួរសុខទុក្ខពី នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងព្រឹទ្ធសភារបស់កាតាជូនសម្ដេច ហើយសម្ដេចបានសម្ដែងការសោកស្ដាយចំពោះព្រឹត្តិការណ៍ World Cup ចុងក្រោយនៅកាតា ដោយសម្ដេចមានបំណងចូលរួមដែរ ប៉ុន្តែបែរជាអាកខានវិញ ដូច្នេះហើយទើបនៅជំនួបនេះ អគ្គរាជទូតកាតាបានយកបាល់ដែលទាត់នៅក្នុងព្រឹត្តិការណ៍ World Cup នេះមកជូន សម្ដេចទុកជាអនុស្សាវរីយ៌។
សម្ដេចតេជោ បានរំឭកថា សម្តេច បានជួបរដ្ឋមន្ត្រីការបរទេសកាតា នៅពេលកម្ពុជាជាម្ចាស់ផ្ទះនៃប្រធានអាស៊ានឆ្នាំ២០២២ នៅភ្នំពេញ ហើយពេលនោះកាតាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង TAC (Treaty of Amity and Cooperation) ជាមួយនឹងអាស៊ាន ហើយសម្ដចតេជោ បានលើកឡើងថា ប្រទេសទាំងពីរមានកិច្ចការធ្វើច្រើន ដោយសារថាកាតាជាប្រទេសដែលមានសន្តិសុខថាមពល ហើយកម្ពុជាជាប្រទេសធានាបាននូវសន្តិសុខស្បៀង ហើយមានផលិតផលកសិកម្មច្រើន ជាពិសេស គឺស្រូវនិងគ្រាប់ស្វាយចន្ទីដែលកម្ពុជាជាប្រទេសផលិតគ្រាប់ស្វាយចន្ទីច្រើនជាងគេ ហើយកម្ពុជាមានគោលការណ៍ពិសេសអនុញ្ញាតឲ្យក្រុមហ៊ុនបរទេសបើករោងចក្រកិនស្រូវ ឬក៏កែច្នៃ វេចខ្ចប់ ឃ្លាំងស្តុកទុកហើយក៏អនុញ្ញាតអោយនាំចេញទៅក្រៅប្រទេស ជាពិសេសការអនុគ្រោះដល់វិនិយោគិនពីបរទេស។
ជាមួយគ្នានោះដែរសម្ដេចតេជោ បានរំឭកថាកាតាគួរតែចាប់ផ្ដើមហោះហើរឡើងវិញនូវ Qatar Airline បន្ទាប់ពីបានផ្អាកដំណើរការដោយសារកូវីដកន្លងទៅ ដើម្បីឲ្យការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏ដូចជាការនាំភ្ញៀវពីតំបន់មជ្ឈិមបូព៌ានិងអឺរ៉ុប មកកាន់កម្ពុជា ហើយក៏នាំភ្ញៀវពីកម្ពុជានិងតំបន់អាស៊ានទៅកាន់កាតាវិញផងដែរ។
ឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះ សម្តេចដែលបានពន្យល់យ៉ាងក្បោះក្បាយអំពីបរិយាកាសវិនិយោគ ឯកឧត្ដមបានរំឭកថាមូលហេតុដែលឯកឧត្ដមមកទីនេះ គឺដើម្បីគាស់នូវអ្វីៗដែលជាផលប្រយោជន៍ប្រទេសទាំងពីរឲ្យមានដំណើរការឡើងវិញ។ ឯកឧត្ដមសន្យាថានឹងខិតខំប្រមែប្រមូលអ្នកវិនិយោគិនពីកាតាមកកម្ពុជា ក៏ដូចជានាំវិនិយោគិន ពីកម្ពុជាទៅកាតា ដើម្បីពិនិត្យមើលលទ្ធភាពដែលអាចសហប្រតិបត្តិការវិនិយោគ ឯកអគ្គរដ្ឋទូតបានលើកឡើងថាគាត់កំពុងតែស្វែងយល់ពីកត្តាអនុគ្រោះអ្វីខ្លះដែលធានាដល់ការវិនិយោគរបស់កាតានៅកម្ពុជា។
ជាចុងក្រោយ សម្តេចតេជោ សូមឱ្យឯកឧត្ដម ឯកអគ្គរាជទូត ពាំនាំការផ្ដាំផ្ញើការសាកសួរសុខទុក្ខ ថ្វាយជូនព្រះមហាក្សត្រ ជូនប្រធានសភា និងនាយករដ្ឋមន្ត្រីនៃរដ្ឋកាតា ហើយសង្ឃឹមថាទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែប្រសើរឡើងបន្ទាប់ពីវត្តមានរបស់ ឯកឧត្ដម ឯកអគ្គរាជទូត នាពេលនេះ ព្រោះឯកអគ្គរាជទូត ក៏បានសន្យាថា នឹងមកលេងកម្ពុជាឲ្យញឹកញាប ហើយ ឯកអគ្គរាជទូត ក៏បានសម្ដែងនូវការកោតសរសើរចំពោះ សម្ដេចតេជោ ដែលយល់ច្បាស់ពីយុទ្ធសាស្ត្រក្នុងការដឹកនាំកម្ពុជា ពីប្រទេសដែលមានសង្គ្រាម ទៅជាប្រទេសដែលមានសន្តិភាពពេញលេញ និងការអភិវឌ្ឍ។
បន្ទាប់ពីបញ្ចប់ ឯកអគ្គរាជទូតនៃរដ្ឋកាតា(State of Qatar) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនបាល់ទាត់ដែលត្រូវបានទាត់នៅក្នុងព្រឹត្តិការណ៍ World Cup ចុងក្រោយ ក្នុងប្រទេសកាតា ជូន សម្ដេចតេជោ ប្រធានព្រឹទ្ធសភាទុកជាអនុស្សាវរីយ៍ផងដែរ៕


