សេវាតាមដានបម្រែបម្រួលអាកាសធាតុរបស់សហភាពអឺរ៉ុប ខូភើនីកាស (Copernicus)(C3S) បាននិយាយនៅក្នុងព្រឹត្តិបត្រប្រចាំខែមួយថា ពិភពលោកទើបតែជួបប្រទះខែមេសាដែលជាខែមានសីតុណ្ហភាពក្តៅបំផុតក្នុងកំណត់ត្រា ដោយបន្តរយៈពេល១១ខែ ដែលខែនិមួយៗ ត្រូវបានកត់ត្រាជាខែក្តៅបំផុតក្នុងកំណត់ត្រា។

ក្រុមអ្នកវិទ្យាសាស្ត្រ បានបញ្ជាក់រួចមកហើយថា បម្រែបម្រួលអាកាសធាតុ បានបណ្តាលឱ្យមានអាកាសធាតុក្ដៅជាក់លាក់មួយនៅក្នុងខែមេសា រួមទាំងរលកកម្ដៅនៅតំបន់ហ្សាហេល (Sahel) របស់អាហ្វ្រិក ដែលពាក់ព័ន្ធទៅនឹងការស្លាប់មនុស្សរាប់ពាន់នាក់។

រលកកម្ដៅទាំងនោះ ក៏បានជះឥទ្ធិពលដល់បណ្ដាប្រទេសនៅអាស៊ីផងដែរ ដោយរដ្ឋាភិបាលសម្រេចបិទសាលារៀននៅក្នុងប្រទេសហ្វីលីពីន និងកម្ពុជា ដើម្បីការពារសុខភាពសិស្ស ខណៈកម្ដៅក៏បានហក់ឡើងដល់កម្រិតដ៏គ្រោះថ្នាក់នៅទូទាំងប្រទេសឥណ្ឌា និងបង់ក្លាដែសក៏ដូចជាប្រទេសច្រើននៅអាស៊ី។

ក្នុងរយៈពេល១២ ខែដែលកំណត់ថាខែមេសាជាខែក្ដៅបំផុត សីតុណ្ហភាពជាមធ្យមរបស់ពិភពលោកគឺខ្ពស់បំផុតក្នុងកំណត់ត្រាសម្រាប់រយៈពេល ១២ ខែ គឺ១,៦១ អង្សាសេលើសពីកម្រិតមធ្យមភាគក្នុងសម័យមុនឧស្សាហកម្មឆ្នាំ ១៨៥០ ដល់ ១៩០០ ។
ការបំភាយឧស្ម័នផ្ទះកញ្ចក់ពីការដុតឥន្ធនៈហ្វូស៊ីលគឺជាមូលហេតុចម្បងនៃបម្រែបម្រួលអាកាសធាតុ។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បាតុភូតអាកាសធាតុ អេល នីញ៉ូ (El Nino) ដែលធ្វើឲ្យផ្ទៃទឹកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតក្តៅខ្លាំង ក៏បានបង្កើនសីតុណ្ហភាពផងដែរ៕