ប្រព័ន្ធផ្សព្វផ្សាយជាច្រើនរបស់សហរដ្ឋអាមេរិក បានរាយការណ៍ថា រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានផ្អាកដោយផ្នែកនៃការដឹកជញ្ជូនគ្រាប់រំសេវទៅកាន់ប្រទេសអ៊ីស្រាអែល។

គេហទំព័រព័ត៌មាននយោបាយ Politico បាននិយាយថា ការដឹកជញ្ជូនគ្រាប់បែកស៊ីបគោលដៅពីរប្រភេទត្រូវបានផ្អាក។ គេហទំព័របានរាយការណ៍ថា នេះទំនងជាលើកដំបូងដែលរដ្ឋបាលសហរដ្ឋអាមេរិក បានពន្យារពេលការលក់អាវុធដ៏មានសក្តានុពលសម្រាប់អ៊ីស្រាអែល ចាប់តាំងពីការវាយលុករបស់ក្រុមហាម៉ាស ទៅលើប្រទេសអ៊ីស្រអែល កាលពីខែតុលាឆ្នាំមុន។

គេហទំព័រព័ត៌មាន បានដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ ដែលបាននិយាយថា ការផ្អាកការដឹកជញ្ជូនគ្រាប់រំសេវ គឺមានបំណងផ្ញើសារនយោបាយទៅកាន់ប្រទេសអ៊ីស្រាអែល។ សហរដ្ឋអាមេរិក បានផ្តល់ការគាំទ្រផ្នែកយោធាជាបន្តបន្ទាប់ដល់អ៊ីស្រាអែល ប៉ុន្តែក៏កំពុងជំរុញឲ្យអ៊ីស្រាអែលការពារជនស៊ីវិលក្នុងពេលមានការរិះគន់កាន់តែខ្លាំងឡើងទាំងក្នុងនិងក្រៅប្រទេស ជុំវិញការកើនឡើងចំនួនជនស៊ីវិលស្លាប់និងរងរបួសនៅតំបន់ហ្កាហ្សាស្ទ្រីប។
ខណៈត្រូវបានសួរដោយក្រុមអ្នកសារព័ត៌មានអំពីការផ្អាកការដឹកជញ្ជូនគ្រាប់រំសេវ អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បាននិយាយថា លោកមិននិយាយអំពីការដឹកជញ្ជូនជំនួយយោធារបស់សហរដ្ឋអាមេរិកជាលក្ខណៈបុគ្គលនោះទេ ប៉ុន្តែ គ្មានអ្វីផ្លាស់ប្តូរទាក់ទងទៅនឹងការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះសន្តិសុខរបស់ប្រទេសអ៊ីស្រាអែលឡើយ។