រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែលលោក យ៉ូអាវ ហ្គាឡែនធ៍ (Yoav Gallant) បាននិយាយថា កងទ័ពអ៊ីស្រាអែលនឹងត្រៀមខ្លួន ដើម្បីធ្វើការសម្របសម្រួលនៅក្នុងព្រឹត្តិការណ៍នៃកិច្ចព្រមព្រៀងស្តីពីការដោះលែងចំណាប់ថ្នូរ ក្នុងអំឡុងពេលវាយលុកនៅទីក្រុងរ៉ាហ្វា (Rafah)។

«ប៉ុន្តែប្រសិនបើជម្រើសនេះ ត្រូវបានលុបចោល យើងនឹងបន្ត និងធ្វើឲ្យប្រតិបត្តិការកាន់តែស៊ីជម្រៅ នេះបើយោងតាមការិយាល័យរបស់លោក កាលពីល្ងាចថ្ងៃអង្គារ។ លោកបានបញ្ជាក់ថា កិច្ចប្រតិបត្តិការនេះ ត្រូវបានអនុវត្តទៅលើតំបន់ហ្កាហ្សាទាំងមូល ហើយសម្ពាធយោធា នឹងនាំទៅរកកម្ទេចក្រុមហាម៉ាស។
កាលពីថ្ងៃចន្ទ លោក ហ្គាឡែនធ៍ បានបញ្ជាឲ្យកងទ័ពរុលទៅក្នុងទីក្រុងរ៉ាហ្វា ហើយចូលកាន់កាប់ច្រកព្រំដែន។ យោធាអ៊ីស្រាអែល បានត្រួតពិនិត្យការឆ្លងកាត់ព្រំដែននៅខាងប៉ាឡេស្ទីន។ លោក បាននិយាយថា «កិច្ចប្រតិបត្តិការនេះ នឹងបន្តរហូតដល់យើងបានកម្ចាត់ក្រុមហាម៉ាស នៅក្នុងតំបន់រ៉ាហ្វា និងទូទាំងតំបន់ហ្កាហ្សាស្ទ្រីប ឬរហូតដល់ចំណាប់ថ្នូរដំបូង បានត្រឡប់មកវិញ»។

អ៊ីស្រាអែល និងអង្គការឥស្លាមប៉ាឡេស្ទីនហាម៉ាសបច្ចុប្បន្ននេះ កំពុងចរចាដោយប្រយោលលើបទឈប់បាញ់ក្នុងសង្គ្រាមហ្កាហ្សា និងការដោះលែងចំណាប់ថ្នូរ ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន។ លោក ហ្គាឡែនធ៍ បានអះអាងថា៖«យើងបានត្រៀមខ្លួនជាស្រេចក្នុងការសម្រុះសម្រួល ដើម្បីយកចំណាប់ខ្មាំងត្រឡប់មកវិញ»។