រដ្ឋាភិបាល បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនមនុស្សដែលបានបាត់បង់ជីវិតក្នុងគ្រោះទឹកជំនន់ និងបំណាក់ដី ដ៏មហន្តរាយ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅក្នុងប្រទេសកេនយ៉ា ចាប់តាំងពីខែមីនាមក បានកើនឡើងដល់២៣៨នាក់ ហើយ៧៥នាក់ផ្សេងទៀតនៅបាត់ខ្លួននៅឡើយ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក អ៊ីសាក វ៉ាវរ៉ា(Isaac Mwaura) បាននិយាយថា មនុស្សប្រាំបីនាក់ បានបាត់បង់ជីវិតនៅក្នុងទឹកជំនន់ ក្នុងរយៈពេល២៤ ម៉ោងកន្លងទៅនេះ។

លោក Mwaura បាននិយាយថា គ្រួសារចំនួន ៤៧.០០០គ្រួសារ ត្រូវបានជម្លៀសខ្លួនចេញពីលំនៅឋាន ខណៈមនុស្សសរុបចំនួន ២៨៦.០១១នាក់ បានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅទូទាំងប្រទេស។ លោក និយាយថា រដ្ឋាភិបាលបានប្ដេជ្ញាការពារអាយុជីវិត អ្នកទាំងឡាយណាដែលរងផលប៉ះពាល់ ហើយកំពុងស្ថិតក្នុងដំណើរការរៀបចំទីកន្លែងស្នាក់នៅដើម្បីទទួលប្រជាជនភៀសខ្លួន។

ទន្ទឹមនឹងនេះ ផ្នែកខ្លះរបស់ប្រទេសកេនយ៉ា នៅតែត្រូវបានកាត់ផ្តាច់ និងមិនអាចចូលទៅដល់បាន បន្ទាប់ពីផ្លូវ និងស្ពាន ត្រូវបានទឹកជំនន់បំផ្លាញ បណ្តាលឱ្យប្រជាជនរាប់ពាន់នាក់ ទទួលរងផលប៉ះពាល់ដល់អាជីវកម្មនៅទូទាំងប្រទេស និងកំពុងបង្ខំឱ្យមានការពន្យារពេលមិនកំណត់នៃការបើកសាលារៀនឡើងវិញ។
លោក Mwaura បានណែនាំដល់ពលរដ្ឋទាំងអស់ដែលរស់នៅតាមច្រករបៀងមាត់ទន្លេ និងក្នុងរង្វង់ ៣០ ម៉ែត្រនៃទន្លេនៅទូទាំងប្រទេស ឱ្យចាកចេញជាបន្ទាន់ បើមិនដូច្នេះនឹងត្រូវឲ្យជម្លៀសដោយបង្ខំ។
មន្ត្រីរូបនេះ បាននិយាយឡើងវិញថា ក្រុមទីភ្នាក់ងារចម្រុះ ត្រូវបានដាក់ពង្រាយ និងកំពុងជួយសង្គ្រោះ និងចែកចាយស្បៀងអាហារ។