សាខាមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានថ្កោលទោសការរុលទៅមុខរបស់អ៊ីស្រាអែល ចូលទៅក្នុងទីក្រុងរ៉ាហ្វា នៅភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប។

អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អ្នកស្រី រ៉ាវីណា សាមដាសានី (Ravina Shamdasani) បានធ្វើអត្ថាធិប្បាយថា សម្រាប់ជនស៊ីវិលដែលត្រូវបានបញ្ជាឲ្យជម្លៀស មិនមានផ្លូវសុវត្ថិភាព ទៅកាន់ភាគខាងជើង និងគ្មានជម្រកសុវត្ថិភាពដែលមានសម្ភារៈអនាម័យ និងការផ្គត់ផ្គង់ស្បៀងអាហារគ្រប់គ្រាន់ទេ។
អ្នកស្រី សាមដាសានី បានថ្លែងនៅទីក្រុងហ្សឺណែវថា ទាំងនេះ គឺជាតម្រូវការមនុស្សធម៌ជាមូលដ្ឋានសម្រាប់ការជម្លៀសទាំងនេះ។

អ្នកស្រី បានបន្តថា៖ «មានការបង្ហាញយ៉ាងខ្លាំងដែលថា ការលុកលុយនេះ កំពុងប្រព្រឹត្តទៅដោយរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ»។
លោក Jens Laerke អ្នកនាំពាក្យការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា៖«ព្រឹកនេះ គឺជាសុបិនដ៏ខ្មៅងងឹតបំផុតមួយ នៅក្នុងសុបិន្តអាក្រក់រយៈពេល ៧ខែនេះ»។

លោកបានលើកឡើងថា កងកម្លាំងអ៊ីស្រាអែល មិនអើពើនឹងការព្រមានទាំងអស់អំពីផលប៉ះពាល់ពីការវាយលុកទីក្រុងរ៉ាហ្វាទៅលើប្រជាជនស៊ីវិលនោះទេ។«ការភ័យស្លន់ស្លោ និងភាពអស់សង្ឃឹម បានកើតឡើងចំពោះប្រជាជនដែលកំពុងរស់នៅទីនោះ»។
លោក James Elder អ្នកនាំពាក្យមូលនិធិកុមាររបស់អង្គការសហប្រជាជាតិយូនីសេហ្វ( UNICEF) បាននិយាយថា៖«ការភ័យខ្លាចដ៏អាក្រក់បំផុតរបស់យើង គឺជាការពិត»។