នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ដូណាល់ ថាស់ (Donald Tusk)កាលពីថ្ងៃអង្គារ បានកោះប្រជុំពិសេសនៃសេវាកម្មចារកម្ម ដើម្បីពិភាក្សាអំពីការជ្រៀតចូលរបស់រុស្ស៊ី និងបេឡារុស បន្ទាប់ពីចៅក្រមប៉ូឡូញដែលមានសិទ្ធិទទួលបានព័ត៌មានរសើបរបស់រដ្ឋ បានរត់ចោលស្រុកទៅប្រទេសបេឡារុស។

អាជ្ញាធរនៅក្នុងអង្គការណាតូ និងសមាជិកសហភាពអឺរ៉ុប គឺប៉ូឡូញ កំពុងស៊ើបអង្កេតលោកចៅក្រម Tomasz Szmydt លើការសង្ស័យថា លោកកំពុងធ្វើសកម្មភាពជំនួសសេវាចារកម្មបរទេស។
រដ្ឋាភិបាលប៉ូឡូញ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា៖« លោក Szmydt មានសិទ្ធិជាអចិន្ត្រៃយ៍និងដោយផ្ទាលទទួលបានព័ត៌មានសម្ងាត់។ លោកក៏មានទំនាក់ទំនងជាមួយជនជាតិបេឡារុសអស់រយៈពេលជាយូរមកហើយ។ ស្ថានភាពនេះ គួរតែជាកង្វល់ដ៏ធំបំផុត»។
លោក ថាស់ បានប្រកាសពីកិច្ចប្រជុំនៃបណ្ឌិត្យសភាចារកម្ម នៅថ្ងៃពុធនេះ ដោយនិយាយថា វានឹង ផ្តោតលើ«ឥទ្ធិពលរុស្ស៊ីនិងបេឡារុសដែលត្រូវបានចោទប្រកាន់ នៅក្នុងយន្តការអំណាចរបស់ប៉ូឡូញ»។
កាលពីព្រឹកថ្ងៃអង្គារ មន្ត្រីប៉ូឡូញ បាននិយាយថា ឧបករណ៍បំផ្ទុះ ត្រូវបានរកឃើញនៅក្នុងបន្ទប់មួយដែលគណៈរដ្ឋមន្ត្រីប៉ូឡូញ គ្រោងនឹងរៀបចំកិច្ចប្រជុំ។ ក្រោយមក មន្ត្រីម្នាក់ទៀត បាននិយាយថា ឧបករណ៍នេះ គឺជាផ្នែកមួយនៃប្រព័ន្ធសំឡេងចាស់នៅក្នុងអគារ ប៉ុន្តែឧបទ្ទវហេតុនេះ បានគូសបញ្ជាក់ពីការព្រួយបារម្ភនៅក្នុងប្រទេសប៉ូឡូញចំពោះការព្រមាននានាថា រុស្ស៊ីកំពុងបង្កើនសកម្មភាពរបស់ខ្លួនប្រឆាំងនឹងលោកខាងលិច ចំពេលមានសង្រ្គាមនៅក្នុងប្រទេសជិតខាង គឺអ៊ុយក្រែន។

លោក ថាស់ បាននិយាយថា៖«ជារៀងរាល់ថ្ងៃ មានព័ត៌មានថ្មីៗអំពីព្រឹត្តិការណ៍ចម្លែកៗជាច្រើនដែលទាក់ទងដោយផ្ទាល់ ឬដោយប្រយោលទៅនឹងវត្តមានដ៏ខ្លាំងក្លានៃសេវាកម្មនានារបស់រុស្ស៊ី និងបេឡារុស នៅអឺរ៉ុប»។