
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានព្រមានកាលពីថ្ងៃអង្គារ (០៧ ឧសភា) ថាការគំរាមកំហែងនៃភាពស្អប់ខ្ពើមប្រឆាំងនឹងជនជាតិជីហ្វ កំពុងកើនឡើងយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក រួមទាំងនៅតាមបណ្ដាសាកលវិទ្យាល័យ ខណៈការគាំទ្ររបស់លោកចំពោះការវាយលុករបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា បានធ្វើឱ្យសមាជិកគណបក្សប្រជាធិបតេយ្យខ្វែងគំនិតគ្នា និងបង្កជាភាពមិនសប្បាយចិត្តក្នុងចំណោមអ្នកបោះឆ្នោតវ័យក្មេងមួយចំនួន។
នៅក្នុងសុន្ទរកថាមួយរំលឹកដល់ជនជាតិជ្វីហ្វ ៦ លាននាក់ ដែលត្រូវបានសម្លាប់នៅក្នុងហេតុការណ៍សម្លាប់រង្គាលនៃសង្គ្រាមលោកលើកទី២ (Holocaust) លោក បៃដិន បានចូលរួមក្នុងការជជែកដ៏ក្តៅគគុករបស់ជនជាតិអាមេរិក អំពីសន្តិសុខជនជាតិជ្វីហ្វ អ្នកជី្វហ្វនិយម សេរីភាពនៃការបញ្ចេញមតិ និងការគាំទ្រសម្រាប់អ៊ីស្រាអែល នៅក្នុងប្រទេសដែលមានប្រជាជនជ្វីហ្វច្រើនជាងគេបន្ទាប់ពីអ៊ីស្រាអែល។
ថ្លែងទៅកាន់ទស្សនិកជនទ្វេរបក្ស នៅឯពិធីរំលឹកប្រចាំឆ្នាំរបស់សារមន្ទីរ រំលឹកវិញ្ញាណក្ខន្ធជនជាតិជី្វហ្វ របស់សហរដ្ឋអាមេរិក លោកបានព្រមានអំពីហានិភ័យដែលថា ការពិតអំពីការសម្លាប់ជនជាតិជី្វហ្វជាប្រព័ន្ធក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ នឹងត្រូវបាត់បង់។
លោក បៃដិន បានលើកឡើងបែបនេះ ខណៈសង្រ្គាមហ្កាហ្សា មានរយៈពេល ៧ ខែបន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ដោយបានសម្លាប់មនុស្សប្រហែល ១.២០០ នាក់ ក្នុងអ្វីដែលលោកបានហៅថាជាថ្ងៃមានអ្នកស្លាប់ច្រើនបំផុតសម្រាប់ជនជាតិជី្វហ្វចាប់តាំងពីការសម្លាប់រង្គាលមក។
លោក បៃដិន បានទទួលស្គាល់សិទ្ធិរបស់ជនជាតិអាមេរិកក្នុងការតវ៉ា និងធ្វើបាតុកម្ម ប៉ុន្តែមិនបាននិយាយអំពីការស្លាប់ពលរដ្ឋប៉ាឡេស្ទីន ជិត ៣៥.០០០ នាក់នៅហ្កាហ្សា ដោយការសងសឹករបស់អ៊ីស្រាអែលទេ៕