
ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយកាលពីថ្ងៃអង្គារ (០៧ ឧសភា ) ថាភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះ នៅភាគពាយ័ព្យនៃប្រទេសហៃទី ក្នុងទីក្រុង កេប-ហៃត្យុង (Cap-Haitien) ដែលពោរពេញដោយអំពើហិង្សា បានបង្កឱ្យមានទឹកជំនន់ និងបំណាក់ដី ដែលបានសម្លាប់មនុស្ស ១៣ នាក់។
មនុស្សជាច្រើនដែលភៀសខ្លួនចេញពីអំពើហិង្សាដ៏បង្ហូរឈាមរបស់ក្រុមជនអន្ធពាលនៅក្នុងរដ្ឋធានីព័រអូប្រាំង បានស្វែងរកសុវត្ថិភាពទៅភាគខាងជើង រួមទាំងនៅក្រុង កេប-ហៃត្យុង តាមបណ្តោយឆ្នេរសមុទ្រភាគខាងជើងរបស់ប្រទេស។ អាជ្ញាធរមូលដ្ឋានបាននិយាយថា ភ្លៀងធ្លាក់នេះក៏បានបំផ្លាញផ្ទះសម្បែង និងអាជីវកម្មផងដែរ។
ការិយាល័យ OCHA បាននិយាយថា ភ្លៀងធ្លាក់កាន់តែច្រើន និងទឹកជំនន់បន្ថែមទៀតត្រូវបានគេរំពឹងទុកនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ រួមទាំងនៅក្នុងរដ្ឋធានី ជាទីដែលជនភៀសខ្លួនដោយសារអំពើហិង្សា កំពុងប្រឈមមុខនឹងបញ្ហាអនាម័យមុនពេលភ្លៀងធ្លាក់ខ្លាំង ដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រសប្ដាហ៍មុន។
ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ មួយនេះបានថ្កោលទោសយ៉ាងខ្លាំងចំពោះផលប៉ះពាល់មនុស្សធម៌យ៉ាងជ្រាលជ្រៅនៃការវាយប្រហារម្តងហើយម្តងទៀតនៅក្នុងសង្កាត់ សូលីណូ (Solino) និងតំបន់ជុំវិញទីក្រុងព័រអូប្រាំង ដែលមនុស្សរាប់ពាន់នាក់បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេគេចពីអំពើហិង្សា៕