កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋឃុំកំពង់ហៅ ស្រុកកំពអ់លែង ខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណដល់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក្រសួង និងមន្ទីរសាធារណការ រាជរដ្ឋាភិបាលជប៉ុន ដែលបានជួយកសាងស្ពានដូនវៀតថ្មីសន្លាងមួយទៀតនៅតាមបណ្តោយទន្លេ ស្ថិតក្នុងភូមិដូនវៀត ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ ស្ពាននេះ មានអត្ថប្រយោជន៍ខ្លាំងសំរាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងទៅមក ការដឹកកសិផល ការទៅមកមន្ទីរពេទ្យ និងទំនាក់ទំនងគ្នារវាងស្រុក១ទៅស្រុក១ ឃុំ១ទៅឃុំ១ទៀត ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ។
ប្រជាពលរដ្ឋក្នុងឃុំកំពង់ហៅបានអោយដឹងថា៖ ស្ពានដូនវៀតនេះមានអាយុកាលជាយូរមកហើយ មុនបានស្ពានដូនវៀតថ្មីនេះ គឺមានការពុកផុយធ្វើដំណើរឆ្លងកាត់មិនកើតឡើយ វាបានផ្តល់ផលលំបាកដល់ប្រជាពលរដ្ឋធ្វើដំណើរទៅមក សិស្សសាលាតូចៗទៅមកសាលារៀន ក៏ដូចជាការដឹកកសិផលផ្សេងៗ និងការទំនាក់ទំនងគ្នាផងដែរ។ ក្រោយពីឃើញនូវភាពលំបាកបែបនេះ រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានផ្តល់អំណោយដោយបានជួយកសាងស្ពានថ្មីមួយយ៉ាងស្អាតដែលជាជំនួយឥតសំណងសម្រាប់ប្រជាពលរដ្ឋកម្ពុជា បានឆ្លងកាត់ទៅមក។ ប្រជាពលរដ្ឋក្នុងឃុំកំពង់ហៅ ក៏ដូចជាក្នុងស្រុកកំពង់លែង បានថ្លែងអំណរគុណដល់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង រាជរដ្ឋាភិបាលជប៉ុន និងក្រសួង និងមន្ទីរសាធារណការដែលបានជួយកសាងស្ពាននេះឡើងអោយប្រជាពលរដ្ឋបានប្រើប្រាស់ទាំងអស់គ្នា។
លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានថ្លែងថា៖ ស្ពានបេតុងដូនវៀតនេះ មានចំងាយពីទីក្រុងភ្នំពេញប្រមាណ១១០គីឡូម៉ែត្រ និងចំងាយពីក្រុងកំពង់ឆ្នាំងប្រមាណ២០គីឡូម៉ែត្រ ។ ស្ពាននេះ បានកសាងឡើងដោយប្រជាជនភូមិដូនវៀតតាំងពីឆ្នាំ១៩៤៩ និងមានស្ថានភាពទ្រុឌទ្រោមខ្លាំង បង្ករការលំបាកដល់ការដឹកជញ្ជូនកសិផល ការធ្វើដំណើរបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស ជាពិសេសអាចបង្ករអោយមានគ្រោះថ្នាក់ជាយថាហេតុផងដែរ។ ដោយពិនិត្យឃើញស្ថានភាពបែបនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានស្នើសុំសាងសង់ស្ពានបេតុងដូនវៀតនេះ តាមរយៈរដ្ឋបាលខេត្តកំពង់ឆ្នាំង បានស្នើសុំស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ហើយរាជរដ្ឋាភិបាល និងប្រជាជនជប៉ុនបានផ្តល់ជាថវិកាជិត១៤ម៉ឺនដុល្លា សាងសង់ស្ពានបេតុងដូនវៀតនេះឡើងដែលមានប្រវែង២៤ម៉ែត្រ ទទឹង៤,៥ម៉ែត្រ ស្ថិតក្នុងភូមិដូនវៀត ឃុំកំពង់ហៅនេះ ៕ ដោយ ៖ កាំង ហុងវាស្នា










