យោធាអ៊ីស្រាអែល បាននិយាយនៅថ្ងៃពុធនេះថា ខ្លួនបានបើកឡើងវិញនូវច្រក Kerem Shalom ឆ្លងកាត់ចូលទៅក្នុងតំបន់ហ្កាហ្សា ជាច្រកសំខាន់សម្រាប់ការចូលនៃជំនួយមនុស្សធម៌ ដែលត្រូវបានបិទ កាលពីចុងសប្តាហ៍មុន បន្ទាប់ពីការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់ក្រុមហាម៉ាស បានសម្លាប់ទាហានអ៊ីស្រាអែលចំនួន ៤នាក់ នៅក្បែរនោះ។
កងពលតូចរថក្រោះរបស់អ៊ីស្រាអែល បានកាន់កាប់ច្រករ៉ាហ្វា ( Rafah)ក្បែរនោះរវាងតំបន់ហ្កាហ្សា និងអេហ្ស៊ីបកាលពីព្រឹកថ្ងៃអង្គារ ហើយវានៅតែបិទ ប៉ុន្តែការលុកលុយមានកំណត់នោះ ហាក់ដូចជាការចាប់ផ្តើមនៃការលុកលុយពេញទំហឹងនៅក្រុងភាគខាងត្បូងដែលមានប្រជាជនរស់នៅយ៉ាងច្រើនកកកុញ នោះ។
កិច្ចប្រតិបត្តិការដែលកំពុងផ្ទុះឡើងនេះ គំរាមកំហែងធ្វើឲ្យជម្លោះកាន់តែធំរវាងអ៊ីស្រាអែល និងអ្នកគាំទ្រដ៏សំខាន់របស់ខ្លួន គឺសហរដ្ឋអាមេរិក ដែលនិយាយថា ខ្លួនមានការព្រួយបារម្ភចំពោះជោគវាសនារបស់ជនជាតិប៉ាឡេស្ទីនប្រហែល ១,៣លាននាក់ ដែលបានចូលជ្រកក្នុងទីក្រុងរ៉ាហ្វា ភាគច្រើនបានភៀសខ្លួនចេញពីការប្រយុទ្ធគ្នាទៅកន្លែងផ្សេង។ អ៊ីស្រាអែល និយាយថា ទីក្រុងរ៉ាហា្វ គឺជាបន្ទាយចុងក្រោយរបស់ក្រុមហាម៉ាស ហើយថា ការវាយលុកកាន់តែធំឡើងនៅទីនោះ គឺចាំបាច់ ដើម្បីរុះរើកម្លាំងយោធា និងសមត្ថភាពគ្រប់គ្រងរបស់ក្រុមនេះ។
មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោក បៃដិន បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក បានផ្អាកការដឹកជញ្ជូនគ្រាប់បែក ទៅកាន់ប្រទេសអ៊ីស្រាអែល កាលពីសប្តាហ៍មុន ដោយសារការព្រួយបារម្ភថា អ៊ីស្រាអែលកំពុងខិតជិតដល់ការសម្រេចចិត្តលើការបើកការវាយលុកពេញទំហឹងលើទីក្រុងរ៉ាហ្វាហើយនោះ។