ភ្នំពេញ៖ចាប់តាំងពីការផ្តួចផ្តើមធ្វើគម្រោងព្រែកជីកហ្វូណនតេជោរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ និងនីតិកាលទី៧នេះយ៉ាងល្អិតល្អន់ គម្រោងនេះបានរំលេចចេញនូវក្តីសង្ឃឹម និងការរីកចម្រើនយ៉ាងពិតប្រាកដចំពោះសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា។ កត្តាទាំងនេះនាំឲ្យចលនាប្រជាជនខ្មែរយ៉ាងលើសលប់ទាំងក្នុង និងក្រៅប្រទេស បានចេញគាំទ្រ អបអរសារទរចំពោះគម្រោងព្រែកជីកនេះ។
លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃបណ្តុំអង្គសមាគមសង្គមស៊ីវិល បានលើកឡើងថា សម្ទុះគាំទ្រយ៉ាងលើសលប់របស់ប្រជាពលរដ្ឋលើគម្រោងព្រែកជីកហ្វូណនបែបនេះ គឺបង្ហាញពីកម្លាំងសាមគ្គីភាព និងក្នុងនាមជាឈាមខ្មែរតែមួយជួយខ្មែរដើម្បីភាពរីកចម្រើន និងការអភិវឌ្ឍន៍ប្រទេសជាតិសម្រាប់ពេលបច្ចុប្បន្ន និងបន្សល់ទុកដល់កូនចៅជំនាន់ក្រោយថែមទៀត។ ប៉ុន្ដែផ្ទុយទៅវិញនៅតែមានក្រុមប្រឆាំងជ្រុលនិយមមួយចំនួន ជាពិសេសដឹកនាំដោយទណ្ឌិតក្បត់ជាតិកំពុងភាសខ្លួននៅក្រៅស្រុក បានបន្តធ្វើនយោបាយប្រជាភិថុតគ្រប់រឿងមិនរើសមុខ សូម្បីតែការអភិវឌ្ឍដែលជាប្រយោជន៍ជាតិខ្មែរក៏ពួកគេរិះរកវិធីសាស្រ្តចាក់រុកឆ្កឹះឆ្កៀល បង្អាក់មិនឱ្យមានការអភិវឌ្ឍទៅមុខបានដែរ។
មេដឹកនាំយុវជនរូបនេះបានផ្ញើសារដល់បណ្តាក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូចនេះ គួរតែដល់ពេលចូលរួមចំណែកជួយសង្គមជាតិពិតប្រាកដហើយ និងបញ្ឈប់ធ្វើនយោបាយរណបបរទេស បំផ្លាញជាតិហើយងាកមកសាមគ្គីជាតិពិតប្រាកដ ចូលរួមអភិវឌ្ឍប្រទេសជាតិរបស់ខ្លួនវិញទើបជាអ្នកនយោបាយស្រឡាញ់ជាតិ និងប្រជាជនពិតប្រាកដ។
សូមជម្រាបថា ការអនុវត្តធ្វើព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្តើមអនុវត្តនាចុងឆ្នាំ២០២៤ ឬដើមឆ្នាំ ២០២៥ ខណៈព្រែកជីកមានផ្លូវទឹកថ្មីទៅកាន់សមុទ្រនេះ មានប្រវែង ១៨០គីឡូ ម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេ មេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប។
ក្នុងនោះមានប្រជាជនសរុបប្រមាណ ១,៦លាននាក់រស់នៅអមសងខាងផ្លូវទឹកនេះ។ ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ ម៉ែត្រ ( ជម្រៅនាវាចរណ៍ ៤,៧ ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព៕


