ភ្នំពេញ ៖ កម្ពុជាបាននាំចេញកសិផលទៅទីផ្សារក្រៅប្រទេស នៅក្នុងរយៈពេល ៤ ខែ ដើមឆ្នាំ២០២៤ នេះ, មានបរិមាណសរុបជិត ៥.៣ លានតោន គិតជាទំហំទឹកប្រាក់ត្រូវប្រមាណជាង ២ ៣៥៧ លានដុល្លារអាមេរិក គាំទ្រដោយកសិផលជាច្រើន ដែលជំរុញដល់ការ នាំចេញមានកំណើនខ្ពស់។
អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញរបាយការណ៍ នៃការនាំចេញកសិផលរបស់ កម្ពុជា ក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៤ នេះ, ក្នុងនោះសម្រាប់ការនាំចេញកសិផលរបស់កម្ពុជាទៅក្រៅប្រទេស មានបរិមាណសរុប ជាង ៥.៣ លានតោន កើនឡើងប្រមាណជាង ៧៤ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ ក្នុងនោះការនាំចេញអង្ករចំនួន ជាង ២៤ ម៉ឺនតោន, ស្រូវជាង ១.៧ លានតោន និងការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួនជាង ៣.៣ លានតោន ដោយ កម្ពុជាបាននាំចេញទៅកាន់ទីផ្សារដែលជាដៃគូរមានចំនួន ៧២ ប្រទេស។
ទាក់ទិនទំហំទឹកប្រាក់វិញ, បើគិតតម្លៃទឹកប្រាក់នៃការនាំចេញក្នុងរយៈពេលនេះដែរ, ការធ្វើពាណិជ្ជកម្ម នៃការនំាចេញរបស់ កម្ពុជា មានទំហំទឹកប្រាក់សរុបជិត ២ ៣៥៧ លានដុល្លារអាមេរិក ក្នុងនោះតម្លៃទឹកប្រាក់នៃការនាំចេញអង្ករ មានចំនួនជាង ២១១ លានដុល្លារអាមេរិក, ស្រូវជាង ៣៦៤ លានដុល្លារអាមេរិក និងតម្លៃនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួនជាង ១ ៧៨១ លាន ដុល្លារអាមេរិក។
សូមបញ្ជាក់ថា, ទាក់ទិនការនាំចេញផលិតផលក្នុងវិស័យកសិកម្ម នៅក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៤ នេះ មានការកើនឡើងចំនួន ប្រមាណ ២,២ លានតោន បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ក្នុងនោះកសិផលដែលបានចូលរួមចំណែកជំរុញដល់កំណើន នាំចេញខ្ពស់រួមមាន៖ អង្ករ ដំឡូងមីស្រស់ ម្សៅដំឡូងមី គ្រាប់ពោត ផ្លែមៀនស្រស់ ផ្លែស្វាយស្រស់ និងម្រេចជាដើម៕
អត្ថបទ៖ សុន រ៉ាឌី