ភ្នំពេញ ៖ កម្ពុជានាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារក្រៅប្រទេស ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ ២០២៤ នេះ មានបរិមាណសរុបជាង ១៤ ពាន់តោន កើនឡើងជាង ២២៣ ភាគរយ ធៀបរយៈពេលដូចឆ្នាំ ២០២៣ ដែលការកើនឡើងនេះ ស្របពេលរោងចក្រកែច្នៃ វេច ខ្ចប់ផ្លែមៀនក្នុងស្រុកមានបច្ចេកទេសស្របតាមស្តង់ដារខ្ពស់។
ជុំវិញការនាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារក្រៅប្រទេស ជាពិសេសទីផ្សារប្រទេសចិន ពីមួយខែទៅមួយខែមានកំណើន កើនឡើងគួរកត់សម្គាល់ នេះបើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានកសិកម្ម ការនាំចេញផ្លែមៀនស្រស់នៅក្នុងខែ មេសា កន្លងមក នេះ កម្ពុជាបាននាំចេញមានបរិមាណជាង ២ ៦០០ តោន ក្នុងនោះបើគិតរយៈពេល ៤ ខែ ដើមឆ្នាំ ២០២៤ នេះវិញ, ការនាំចេញផ្លែ មៀនស្រស់របស់កម្ពុជាមានបរិមាណជាង ១៤ ពាន់តោន កើនឡើងប្រមាណជាង ២២៣ ភាគរយ បើធៀបរយៈពេលដូចឆ្នាំ ២០២៣ ដោយក្នុងនោះ ភាគច្រើនកម្ពុជាបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន។
ពាក់ព័ន្ធការនាំចេញផ្លែមៀននេះដែរ, ឧកញ៉ាបណ្ឌិត ឈិន កេន អ្នកសម្របសម្រួលទីផ្សារនាំចេញរវាងកម្ពុជា-ចិន លើកឡើង ថា ជុំវិញការនំាចេញកសិផលនេះ កន្លងមកយើងបានព្យាយាមផ្សព្វផ្សាយបើកចំហរ ដើម្បីឲ្យអ្នកទិញដឹងពីផលិតផលរបស់កម្ពុជា ជាក់ស្តែងមកដល់ពេលនេះ ការនាំចេញមៀនស្រស់ទៅក្រៅប្រទេសមានកំណើនជាគំហុក ខណៈបច្ចុប្បន្នអ្នកបញ្ជាទិញ ជាពិសេសការ កម៉្មង់បញ្ជាទិញពីប្រទេសចិន បានទទួលស្គាល់ពីគុណភាពផ្លែមៀនស្រស់របស់កម្ពុជា, ក្រៅពីនេះកម្ពុជាក៏កំពុងស្វែងរកទីផ្សារថ្មីៗ បន្ថែមទៀត ដើម្បីបង្កើនបរិមាណនៃការនាំចេញផលិតផលនេះឲ្យបានកាន់តែច្រើន។
ទាក់ទិនផលិតផលមៀននេះដែរ, លោក សួស ស៊ីយ៉ាត ប្រធានសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន លើកឲ្យដឹងផងដែរថា ស្របពេលការនាំចេញផ្លែមៀនស្រស់មានកំណើនកើនឡើងជាលំដាប់នេះ កសិករនៅក្នុងសហគមន៍បានកំពុងយកចិត្តទុកដាក់ ថែទាំ មៀននៅក្នុងចម្ការរបស់ពួកគាត់ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ក្នុងនោះកសិករមួយចំនួនក៏បានពង្រីកផ្ទៃដីដាំដុះបន្ថែម ដើម្បី ស្វែងរកចំណូលបន្ថែម និងការចូលរួមពង្រីកនាំចេញកសិផលរបស់កម្ពុជាឲ្យបានកាន់តែច្រើន៕
អត្ថបទ៖ សុន រ៉ាឌី
