មនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងតូរ៉ុនតូ ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេចំពោះប្រជាជនប៉ាឡេស្ទីន កាលពីល្ងាចថ្ងៃអង្គារ។
នគរបាលទីក្រុងតូរ៉ុនតូ បានប៉ាន់ប្រមាណថា មនុស្ស ៣.000នាក់ បានចូលរួមក្នុងបាតុកម្មប្រឆាំងនឹងសកម្មភាពយោធាអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។
ការតវ៉ាដែលអះអាតថា «ពុំមានការអន្តរាគមន៍ទៅលើទីក្រុងរ៉ាហ្វា(Rafah) បានចាប់ផ្តើម នៅម៉ោង ៦ល្ងាច។ នៅខាងក្រៅស្ថានកុងស៊ុលអ៊ីស្រាអែល នៅផ្លូវ Yonge និង Bloor បានធ្វើដំណើរទៅកាន់បរិវេណសាកលវិទ្យាល័យ Toronto ។ នៅម៉ោងប្រហែល ៩យប់ ក្រុមនេះ បានទៅដល់ជំរំគាំទ្រប៉ាឡេស្ទីន ដែលបង្កើតឡើងដោយក្រុមនិស្សិត។
នគរបាល បាននិយាយថា គ្មានការចាប់ខ្លួន និងមិនមានការប៉ះទង្គិចគ្នានោះទេ។ នគរបាល បានបន្តទៀត ថា សាកលវិទ្យាល័យ បានស្នើសុំវត្តមាននគរបាល នៅក្នុងបរិវេណសាលា ក្នុងអំឡុងពេលធ្វើបាតុកម្ម ហើយនគរបាលពីរបីនាក់ ត្រូវបានគេដាក់ពង្រាយ ដើម្បីរៀបចំសណ្តាប់ធ្នាប់។
ក្រុមអ្នករៀបចំ បាននិយាយថា ការតវ៉ានេះ គឺជាការអំពាវនាវបន្ទាន់មួយឲ្យចាត់វិធានការ នៅពេលដែល អ៊ីស្រាអែលចាប់ផ្តើមការវាយលុកលើទីក្រុងរ៉ាហ្វា ដែលជាទីក្រុងមួយនៅភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប។