តាកែវ ៖ ផ្លូវជនបទក្រាលបេតុងចំនួន១ខ្សែ នៅខេត្តកោះកុង និងផ្លូវក្រាលល្បាយក្រួសចំនួន១ ខ្សែផ្សេងទៀត នៅក្នុងខេត្តតាកែវ ស្ថិត ក្រោមក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានស្ថាបនាស្របតាមបទដ្ឋានបច្ចេកទេសល្អប្រសើរ ដោយផ្លូវទាំងនោះបាននឹងកំពុង សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងគោលដៅប្រែក្លាយតំបន់ជនបទ ឱ្យក្លាយជាតំបន់អភិវឌ្ឍន៍រីកចម្រើន។
ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ២០២៤ នេះ បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវ និងសំណង់សិល្បការ្យ ចំនួន ២គម្រោង ស្ថិតនៅខេត្តតាកែវ និងខេត្តកោះកុង ក្នុងនោះសម្រាប់គម្រោងទី១ គឺការងារស្ថាបនាផ្លូវក្រាលដី ល្បាយក្រួសចំនួន ១ ខ្សែ ប្រវែង ៦ ៤០០ ម៉ែត្រ, ទទឹង ៨ ម៉ែត្រ និងសំណង់សិល្បការ្យ ស្ថិតនៅភូមិព្រៃ ឃុំត្នោត ស្រុកបាទី ទៅភូមិសំបូរ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ចំណែកគម្រោងទី២, ការងារស្ថាបនាផ្លូវក្រាល បេតុងចំនួន ១ ខ្សែ ប្រវែង ២ ៧០០ ម៉ែត្រ, មានទទឹង ៨ ម៉ែត្រ, និងសំណង់សិល្បការ្យមួយចំនួនទៀត ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដែលគម្រោងទាំងពីរអនុវត្តដោយ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ។
ជុំវិញការស្ថាបនាផ្លូវខាងលើនេះ, ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងស្ថាបនាផ្លូវទាំងពីរខ្សែនេះ សម្រេចបានតាមផែនការ និងប្រកបដោយគុណភាព ព្រោះនៅជនបទមានសារៈសំខាន់ ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅជនបទ និងកាត់បន្ថយគម្លាតតំបន់ជនបទ និងទីក្រុងផងដែរ។ ជាមួយគ្នានេះដែរ, ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ មានគោលបំណងប្រែក្លាយតំបន់ជនបទនៃកម្ពុជា ឱ្យក្លាយជាតំបន់អភិវឌ្ឍន៍រីកចម្រើនប្រកបដោយបរិយាបន្ន និងមាននិរន្តរភាព។
សូមបញ្ជាក់ថា ជុំវិញការអភិវឌ្ឍផ្លូវជនបទនេះ, បើយោងតាមរបាយការណ៍វឌ្ឍនភាពការងារសម្រេចបានឆ្នាំ២០២៣ របស់ក្រសួងអភិវឌ្ឍន៍ ជនបទ ក្នុងនោះគិតត្រឹមឆ្នាំ ២០២៣ ក្រសួងបានស្ថាបនាស្តារ និងកែលម្អផ្លូវជនបទសរុបប្រវែងជាង ៥០ ពាន់គីឡូម៉ែត្រ និងបានចងក្រងជាបញ្ជីសារពើភ័ណ្ឌ និងប្រព័ន្ធគ្រប់គ្រងផ្លូវជនបទរួចរាល់ក្នុងនោះរួមមាន៖ ផ្លូវក្រាលកៅស៊ូពីរជាន់ប្រវែងជាង ៥ ពាន់គីឡូ ម៉ែត្រ, ផ្លូវក្រាលបេតុងប្រវែងជាង ១ ពាន់គីឡូម៉ែត្រ, ផ្លូវល្បាយក្រួសប្រវែងជាង ៣១ ពាន់គីឡូម៉ែត្រ, និងផ្លូវដីសប្រវែង ១២ ពាន់គីឡូ ម៉ែត្រ៕ ដោយ ៖ ស៊ុន រ៉ាឌី











