ប្រមុខយោធាហ្វីលីពីន បានចោទប្រកាន់ប្រទេសចិនពីបទ បង្កើនកិច្ចខិតខំប្រឹងប្រែងប្រើប្រាស់ឥទ្ធិពលបែបគុំកួន កាលពីថ្ងៃពុធ បន្ទាប់ពីកាសែតក្នុងស្រុកមួយ បានរាយការណ៍ថា លោកអនុឧត្តមនាវីហ្វីលីពីនបានធ្វើកិច្ចព្រមព្រៀងជាមួយទីក្រុងប៉េកាំង ដើម្បីកាត់បន្ថយភាពតានតឹងនៅសមុទ្រចិនខាងត្បូង។

កាសែត Manila Times បានចុះផ្សាយនូវអ្វីដែលខ្លួនបាននិយាយថា គឺជាសំឡេងនៃការសន្ទនាតាមទូរស័ព្ទ ដែលបាននិយាយថា ឧត្តមនាវីហ្វីលីពីនមួយរូបបានយល់ព្រមចំពោះសំណើរបស់ចិននៃគំរូថ្មីដែលហ្វីលីពីន នឹងប្រើប្រាស់ចំនួននាវាតិចជាងមុន ក្នុងបេសកកម្មផ្គត់ផ្គង់ដល់កងទ័ពនៅឯដែនទឹកមានជម្លោះសេខិន ថូម៉ាស់ស៊ូល ( Second Thomas Shoal) និងជូនដំណឹងដល់ទីក្រុងប៉េកាំងអំពីបេសកកម្មនានារបស់ខ្លួនជាមុន។

សារព័ត៌មាន Reuters ពុំបានឮការសន្ទនាតាមទូរស័ព្ទដែលបានរាយការណ៍ទេ ហើយមិនអាចផ្ទៀងផ្ទាត់ខ្លឹមសារនៃសំឡេងសុន្ទនា ដែលបានចេញផ្សាយនោះទេ។ កាសែត Manila Times បាននិយាយថា ការសន្ទនានោះ បានកើតឡើងនៅក្នុងខែមករា ហើយសំឡេងនោះ ត្រូវបានផ្តល់ដោយមន្ត្រីជាន់ខ្ពស់មួយរូបរបស់ចិន ដែលពុំបានបញ្ចេញឈ្មោះ។
តំបន់ដែនទឹកមានជម្លោះ ស៊ូលនេះ គឺជាចំណុចក្ដៅមួយសម្រាប់ការប្រឈមដាក់គ្នាដ៏ក្តៅគគុករវាងអង្គភាពឆ្មាំល្បាតឆ្នេររបស់ចិន និងនាវាហ្វីលីពីនកាលពីឆ្នាំមុន ដែលធ្វើអោយទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរកាន់តែតានតឹង។ ហ្វីលីពីន បានបដិសេធមិនស្តាប់តាមការអំពាវនាវរបស់ចិនឲ្យខ្លួនចាកចេញពីតំបន់នោះ។

ប្រមុខយោធាហ្វីលីពីន លោក រ៉ូម៉ូ ប្រាវនើ (Romeo Brawner) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការអះអាងរបស់ចិនចំពោះការសំឡេងនោះ គឺមិនសមឲ្យមានការព្រួយបារម្ភខ្លាំងនោះទេ ព្រោះទំនងជាការខិតខំប្រឹងប្រែងប្រើប្រាស់ឥទ្ធិពលបែបគុំកួនពីបក្សកុម្មុយនិស្តចិន៕