នាវាចម្បាំងអាមេរិកមួយគ្រឿង បានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដ៏តូចចង្អៀតកាលពីថ្ងៃពុធ (០៨ ឧសភា) រយៈពេលតិចជាងពីរសប្តាហ៍មុនពេលមេដឹកនាំថ្មីរបស់កោះនេះចូលកាន់តំណែង ដែលបណ្តាលឱ្យមានការរិះគន់យ៉ាងខឹងសម្បារពីទីក្រុងប៉េកាំង។

ប្រទេសចិន ទាមទារអធិបតេយ្យភាពលើកោះតៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ហើយនិយាយថាខ្លួនមានយុត្តាធិការលើច្រកសមុទ្រនេះ។ កោះតៃវ៉ាន់ និងអាមេរិកមិនយល់ស្របលើការអះអាងនោះ ដោយនិយាយថាច្រកសមុទ្រតៃវ៉ាន់ ជាផ្លូវទឹកអន្តរជាតិ។
នាវាចម្បាំងអាមេរិក ហើយម្តងម្កាលមានយន្តហោះល្បាតរបស់កងទ័ពជើងទឹកអាមេរិក ឆ្លងកាត់ ឬបើកនៅលើច្រកសមុទ្រនោះប្រហែលមួយដងក្នុងមួយខែ។ ពេលវេលានៃបេសកកម្មចុងក្រោយនេះគឺមានភាពរសើបខ្លាំងជាងពេលមុនៗ ដោយសារបានកើតឡើងនៅមុនថ្ងៃទី២០ ខែឧសភា ដែលមេដឹកនាំជាប់ឆ្នោតថ្មីរបស់តៃវ៉ាន់ លោក ឡៃ ឈីងទឺ (Lai Ching-te) ដែលចិន និយាយថាជាអ្នកផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់ ឡើងកាន់តំណែង។

យោធារបស់ប្រទេសចិនបានពណ៌នាការបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ នៃនាវាចម្បាំងអាមេរិកនេះថាជា «ការឃោសនាបំផ្លើសជាសាធារណៈ» ដោយបន្ថែមថា ខ្លួនបានបញ្ជូនកងកម្លាំងជើងទឹក និងអាកាស ដើម្បីឃ្លាំមើល និងព្រមាននាវាអាមេរិក ពេញមួយការធ្វើដំណើររបស់ខ្លួន ហើយ «ដោះស្រាយដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ»៕
