មន្ត្រីទីភ្នាក់ងារអាកាសធាតុជាន់ខ្ពស់ពីររូបបាននិយាយកាលពីថ្ងៃពុធ (០៨ ឧសភា) ថា ប្រទេសឥណ្ឌូនេស៊ី បានជួបប្រទះនឹងខែមេសា ដែលក្តៅបំផុតក្នុងរយៈពេលជាងបួនទសវត្សរ៍មកនេះ ខណៈដែលតំបន់នេះស៊ូទ្រាំនឹងរលកកម្ដៅក៏ក្ដៅគគុក និងសីតុណ្ហភាពពិភពលោកកម្រិតបំបែកកំណត់ត្រា។

កម្ដៅខ្លាំងបានវាយប្រហារតំបន់អាស៊ី រាប់ចាប់ពីប្រទេសឥណ្ឌា ដល់ហ្វីលីពីន ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលបណ្តាលឱ្យមានអ្នកស្លាប់ដោយសារជំងឺសុរិយរោគ ឬអាការថប់ដង្ហើមដោយសារកម្ដៅខ្លាំង និងការបិទសាលារៀនជាដើម។
លោក អាចម៉ាដ ហ្វាចរី រ៉ាដចាប (Achmad Fachri Radjab) ប្រធានមជ្ឈមណ្ឌលព័ត៌មានអាកាសធាតុ អាកាសធាតុ និងភូគព្ភសាស្ត្រ (BMKG) បានប្រាប់សារព័ត៌មាន AFP ថា «សីតុណ្ហភាពខ្យល់ជាមធ្យមក្នុងខែមេសា ឆ្នាំ២០២៤ នេះគឺខ្ពស់បំផុតបើធៀបនឹងខែមេសា ពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០២៣»។

ឥណ្ឌូណេស៊ី បានកត់ត្រាសីតុណ្ហភាពខ្យល់ជាមធ្យមក្នុងខែមេសា កម្រិត ២៧,៧៤ អង្សាសេ ដែលជាកម្រិតខ្ពស់បំផុតសម្រាប់ខែនេះចាប់តាំងពីឆ្នាំ១៩៨១ មក ហើយបានឡើងលើសសីតុណ្ហភាពជាមធ្យមខ្ពស់បំផុតចុងក្រោយបំផុតក្នុងខែមេសា ដែលបានកំណត់ក្នុងឆ្នាំ២០១៦ ចំនួន ០,១ អង្សាសេ នេះយោងតាមទិន្នន័យរបស់មជ្ឈមណ្ឌលព័ត៌មានអាកាសធាតុ BMKG ។

ទីភ្នាក់ងារនេះបាននិយាយថា តួលេខនេះក៏តំណាងឱ្យការកើនឡើងជិត ១ អង្សារសេក្នុងខែមេសា ឆ្នាំនេះ ធៀបនឹងសីតុណ្ហភាពជាមធ្យមក្នុងខែមេសា ដែលមានកម្រិត ២៦,៨៥ អង្សាសេសម្រាប់រយៈពេលពីឆ្នាំ ១៩៩១ ដល់ឆ្នាំ ២០២០៕