ប្រទេសចិន និងស៊ែរប៊ី កាលពីថ្ងៃពុធបានព្រមព្រៀងអនុវត្តតាមការប្ដេជ្ញា "អនាគតរួមគ្នា" ខណៈលោកប្រធានាធិបតី Xi Jinping បានទៅទស្សនាប្រទេសនៅតំបន់បាល់កង់ ដែលជាផ្នែកមួយនៃបំណងរបស់លោកដើម្បីបង្កើតទំនាក់ទំនងកាន់តែរឹងមាំជាមួយសម្ព័ន្ធមិត្តនៅមាត់ទ្វារផ្ទះសហភាពអឺរ៉ុប។

លោក Xi កំពុងស្ថិតក្នុងដំណើរទស្សនកិច្ចនៅក្នុងតំបន់អឺរ៉ុបលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំ ហើយ ដំណើរនេះ ត្រូវគេមើលឃើញថាជាកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសអឺរ៉ុបខាងកើតដែលគាំទ្ររុស្ស៊ី និងជាអ្នកទទួលការវិនិយោគដ៏ធំពីចិន។ មេដឹកនាំរូបនេះកំពុងមានវត្តមាននៅក្នុងប្រទេសហុងគ្រីនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
លោកប្រធានាធិបតីស៊ែរប៊ី អាឡេកសាន់ឌើ វូស៊ីក (Aleksandar Vucic) បានប្រាប់ពិធីជួបជុំដ៏ធំមួយដែលបានប្រមូលផ្តុំនៅមុខវិមានប្រធានាធិបតីស៊ែរប៊ី អំឡុងពិធីស្វាគមន៍លោក Xi ដោយអបអរសាទរ និងស្រែកថា "ប្រទេសចិនៗ" "យើងកំពុងកត់ត្រាប្រវត្តិសាស្រ្តនៅថ្ងៃនេះ" ។

ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ២៩ ដែលជំរុញកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និយតកម្ម និងសេដ្ឋកិច្ច។ ស៊ែរប៊ី ក៏នឹងក្លាយជាប្រទេសអឺរ៉ុបដំបូងគេក្នុងរយៈពេលជាច្រើនឆ្នាំដែលបានចូលទៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន នៅពេលដែលកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីឆ្នាំមុន នឹងចូលជាធរមាននៅថ្ងៃទី១ ខែកក្កដាខាងមុខ។
លោក Vucic បាននិយាយថា ចាប់តាំងពីឆ្នាំ ២០២០មក ប្រទេសចិនគឺជាអ្នកវិនិយោគដ៏ធំបំផុតតែមួយគត់នៅក្នុងប្រទេសស៊ែរប៊ី ហើយការវិនិយោគរបស់ខ្លួនបានកើនឡើង ៣០ ដងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ លោកបាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងធានាការនាំចេញដោយមិនយកពន្ធ ៩៥% នៃផលិតផលស៊ែរប៊ីទៅកាន់ប្រទេសចិនក្នុងរយៈពេល ៥ទៅ ១០ ឆ្នាំខាងមុខ៕